ខេត្តកំពង់ឆ្នាំង៖ បណ្តឹងកំហែងយករបស់ឈ្មួញឈើទៅលើអ្នកកាសែតទាំង៦នាក់ដែលបានអូសបន្លាយមិនចាត់ការជាច្រើនឆ្នាំកន្លង មកនោះ ត្រូវសាលាដំបូងខេត្ដកំពង់ឆ្នាំង សម្រេចលើកលែងការចោទប្រកាន់នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤ ។
អ្នករាយការណ៍ព័ត៌មានខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា សវនាការសាលាដំបូងខេត្ត បានប្រកាសសាលក្រមសម្រេចលើកលែងការចោទប្រកាន់ ដោយសារតែភស្ដុតាងទាំងឡាយស្ថិតក្នុងភាពសង្ស័យទាំងអស់ ហើយការឆ្លើយបំភ្លឺនៅក្នុងសវនាការរបស់ដើមបណ្ដឹង និងសាក្សីគ្មានគតិយុត្តិមិនអាចដាក់បន្ទុកលើចុងចោទនោះបានឡើយ។
ប្រភពបន្តថា ដឹកអង្គសវនាការរួមមានលោក សុទ្ធ សំអោក ជាចៅក្រមជំនុំជម្រះ លោក សេង ម៉េងស្រ៊ុន ព្រះរាជ អាជ្ញារងជាតំណាងអយ្យការ និងកញ្ញា ឯម ស្រីធា ជាក្រឡាបញ្ជីរសវនាការរួមនិងលោក គង់ ពីសី ,លោក ឈឹម ច័ន្ទ សត្យានន្ទ ជាមេធាវីការពារក្តីឲ្យអ្នកកាសែតទាំង ៦ នាក់នោះ។
ប្រភពដដែលបន្តថា អ្នកកាសែតទាំង ៦ នាក់ ដែលទទួលរងនូវការចោទប្រកាន់ រួមមាន៖ ១ . លោកចាន់ ធី សហការីកាសែតដើមអំពិល ២.លោកកែវ ហួរ អ្នកយកព័ត៌មានទូរទស្សន៍ អប្សរា ៣.លោកយ៉ង សុខា អ្នកយកព័ត៌មានកាសែតថ្ងៃនេះ ៤. លោកមាស សុខា អ្នកយកព័ត៌មានកាសែតថ្ងៃនេះ ៥.លោកប៉ិម ពិន អ្នកយកព័ត៌មានកាសែតនគរវត្ត និង ៦.លោកជា ខេម ជាសមាជិកសមាគមអ្នកកាសែតប្រជាធិបតេយ្យ។
លោក ឈឹម ច័ន្ទសត្យានន្ទ ជាមេធាវី ការពារអ្នកកាសែតទាំង៦នាក់បានថ្លែងថាសវនាការជំនុំជម្រះសំណុំរឿងក្តីចោទប្រកាន់អ្នកកាសែត បានធ្វើឡើងកាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៤ ប៉ុន្ដែសាលក្រមត្រូវលើកយកមកប្រកាសនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤នេះ ហើយការសម្រេចរបស់ចៅក្រមពិតជាបានផ្ដល់យុត្ដិធម៌ដល់កូនក្ដីរបស់លោកទាំង៦នាក់ដែលរងបណ្តឹងចោទប្រកាន់ពីបទកំហែងយកមិនច្បាស់លាស់។
ខណៈមានការចាប់ឃុំឃាំងអ្នកកាសែតជាបន្តបន្ទាប់ដែលភាគច្រើនត្រូវបានចោទប្រកាន់ពីបទកំហែងយក បានធ្វើឲ្យមជ្ឈដ្ឋានជាច្រើនមានការព្រួយបារម្ភយ៉ាងខ្លាំង ហើយត្រូវបានចាត់ទុកថាជាការគំរាម កំហែងបំបាក់ស្មារតីចំពោះបុគ្កល ឬស្ថាប័នដែលធ្វើសកម្មភាពក្នុងវិស័យព័ត៌មាន និងសេរីភាពក្នុងការសម្តែងមតិ ។
អាជ្ញាធរគួរពិនិត្យសើរើសំណុំរឿងប្រឆាំងអ្នកកាសែតរបស់ជនខិលខូច និងមន្ត្រីដែលយកអំណាចក្នុងរដ្ឋទៅឡូកឡំក្នុងបទល្មើសរួចចាត់ទុកស្ថាប័នផ្សព្វផ្សាយព័ត៌មាន និងអ្នកកាសែតជាសត្រូវ ហើយឃុបឃិតគ្នារៀបអន្ទាក់ ចាប់អ្នកកាសែតដោយសារតែការសាកសួរព័ត៌មាន និងថតរូបពីសកម្មភាពដែលគេដឹងថាជាបទល្មើសប៉ុណ្ណោះ៕សុត្ថារ៉ូ