ភ្នំពេញ ៖ ទណ្ឌិតចំនួន ១៣៤នាក់នឹងត្រូវបានលើកលែង និងបន្ធូរបន្ថយទោសសម្រាប់ឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅពេលខាងមុខនេះ ។
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់ឲ្យដឹងថា
សម្រាប់ឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ២០១៩នេះ គណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសបានស្នើសុំទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេចស្នើសុំព្រះមហាក្សត្រផ្តល់ការអនុគ្រោះទោសដល់ទណ្ឌិតសរុប១៣៤នាក់ (ស្ត្រី២៨នាក់) ក្នុងចំណោមបញ្ជីទណ្ឌិតស្នើសុំសរុប៤៦០នាក់ (ស្ត្រី៤៩នាក់) ដើម្បីលើកលែងនិងបន្ធូរបន្ថយទោស។ ក្នុងចំណោមទណ្ឌិតទាំងនោះនឹងត្រូវ ១-ស្នើបន្ថយទោស៦ខែចំនួន៧នាក់ (ស្រី៦នាក់) ២-ស្នើបន្ថយទោស៩ខែ ចំនួន១៩នាក់ (ស្រី២នាក់) ៣-ស្នើបន្ថយទោស១២ខែ ចំនួន៤០នាក់ (ស្រី១៧នាក់) ៤-ស្នើបន្ថយទោសពីមួយជីវិតមកត្រឹម២០ឆ្នាំ ចំនួន២នាក់ (ស្រី២នាក់) ៥-ស្នើលើកលែងទោសចំនួន១៦នាក់ (ស្រី១នាក់)។
កាលពីថ្ងៃទី៤មេសាកន្លងទៅ គណៈកម្មការថ្នាក់ជាតិត្រួតពិនិត្យ និងវាយតម្លៃដល់ទណ្ឌិតក្នុងការលើកលែង និងបន្ធូរបន្ថយទោសថ្ងៃបុណ្យចូលឆ្នាំខ្មែរបានទៅក្រសួងជំនាញ នូវទណ្ឌិតចំនួន៤៦០នាក់ ក្នងនោះមានស្ត្រី៤៩នាក់ មកពីអប់រំកែប្រែខេត្តក្រុងរាជធានីចំនួន ១៨ និងមណ្ឌលអប់រំកែប្រែទាំងបួនបានស្នើសុំបន្ធូរបន្ថយ និងលើកលែងទោសថ្ងៃបុណ្យចូលឆ្នាំខ្មែរ។ ការជួបពិភាក្សាជាមួយប្រធានតុលាការប្រធានព្រះរាជអាជ្ញាររួមមកស្ត្រីដែលកំពុងជាប់ក្នុងពន្ធនាគារសរុប២៤៤១នាក់ ក្នុងនោះស្ត្រីដែលមានគត៍៤៤នាក់ ស្ត្រីមានកូនតាមម្តាយ១២៦នាក់ ។
លោកក៏បានលើកឡើងទៀតថា សម្រាប់ការលើកលែងទោសចំពោះស្ត្រីដែលតាមគោលការណ៍របស់រាជរដ្ឋាភិបាលក្នុងការលើកលែង និងបន្ធូរបន្ថយទោសចំពោះស្ត្រីមិនមែនធ្វើតែសម្រាប់ថ្ងៃចូលឆ្នាំនោះទេ គឺធ្វើជានិរន្ត ។ ទី១.ទាក់ទងនឹងនីតិវិធីតុលាការខាងក្រសួងយុត្តិធម៌ជំរុញឱ្យពន្លឿនលើបណ្ដឹងរបស់ស្ត្រី ទី២.រកឯកសារទាក់ទងនឹងសាលក្រមជាស្ថាពរ ដើម្បីនឹងងាយស្រួលបន្ទូលបន្ថយទោស និងលើកលែងទោស ។
លោកបញ្ជាក់ថា«ការលើកលែងទោសធ្វើជារៀងរាល់ឆ្នាំមានចំនួនបីដងមានថ្ងៃចូលឆ្នាំវិសាខបូជានឹងថ្ងៃបុណ្យអុំទូក ។ តែយើងឃើញហើយថ្នាក់ដឹកនាំពិសេសសម្ដេចតេជោលោកតែងតែផ្ដល់អាទិភាពដល់ស្ត្រីជានិច្ចក្នុងការលើកលែង និងបន្ថូរបន្ថយទោស៕