ភ្នំពេញ ៖ រថភ្លើងចំនួន៤ទូ ដែលរាជរដ្ឋាភិបាលថៃ បានសន្យាផ្តល់ឱ្យកម្ពុជា នោះ បាននាំមកដល់ ស្ថានីយរថភ្លើង នៅក្រុងប៉ោយប៉ែត ហើយ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នេះ ដើម្បីសាកល្បង និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស មុនពេលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជា ថៃ រួមគ្នាបើក សម្ពោធដាក់ដំណើរការជាផ្លូវការ នៅសប្តាហ៍ក្រោយនេះ។
បើតាមការគ្រោងទុក រថភ្លើងដែលមានទូចំនួន៤ នេះ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា នឹងប្រគល់ដោយផ្ទាល់ដៃជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនឹងរៀបចំធ្វើ នៅថ្ងៃទី២២ ខែមេសា សប្តាហ៍ក្រោយនេះ ហើយបន្ទាប់មកសម្តេតេជោ និងលោក ប្រាយុទ្ធ នឹងជិះ រថភ្លើងរួមគ្នាពីស្ថានីយ ខ្លងលឹក របស់ថៃ ឆ្លងកាត់ព្រំដែនមកកាន់ស្ថានីយប៉ោយប៉ែត ដើម្បីជានិមិត្ត រូបនៃការបើកដំណើរការផ្លូវដែកតភ្ជាប់រវាងប្រទេសទាំងពីរកម្ពុជា ថៃ ជាផ្លូវការ បន្ទាប់ពីបានកាត់ ផ្តាច់ការប្រើប្រាស់អស់រយៈពេលជាង ៤៥ឆ្នាំ ដោយសារសង្រ្គាម ។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនធ្លាប់មាន ប្រសាស ន៍ឱ្យដឹងថា ការតភ្ជាប់ផ្លូវដែកឡើងវិញនេះ ពិតជាសំខាន់ណាស់ សម្រាប់សេដ្ឋកិច្ចរវាង ប្រទេស ទាំងពីរ។ លើសពីនេះ វាក៏ជួយកាត់បន្ថយការខូចខាតផ្លូវថ្នល់ ជួយដឹកទំនិញបានច្រើន ហើយក៏អាចធ្វើដំណើរតាមរថភ្លើងពីបាងកក មកកម្ពុជា ពីកម្ពុជាទៅប្រទេសថៃ បន្តទៅម៉ាឡេស៊ី និងហិង្ហបូរី ផងដែរ។
ជាមួយគ្នានោះដែរ ឯកឧត្តម ស៊ុន ចាន់ថុល អះអាងថា កម្ពុជាបានកែសម្រួលផ្លូវរត់បានលឿន ជាង មុនហើយ ជាពិសេសលើកកម្ពស់ទំងន់ផ្លូវភាគខាងជើង ឱ្យទៅជា ២០តោន ក្នុងមួយផ្លូវ ដើម្បីធានា ដល់ការដឹកជញ្ជូនទំនិញឱ្យបានទាន់ពេល នឹងឆ្លើយតបតាមតម្រូវការ ពោលគឺ អាចដឹកទំនិញពី ប៉ោយប៉ែត ទៅខេត្តព្រះសីហនុ បានដោយមិនបាច់រើ ឬ ប្តូរថភ្លើងនោះទេ។
សូមជម្រាបថា រថភ្លើងដឹកអ្នកដំណើរ DMU (Diesel Multiple Unit) ដែលថៃប្រគល់ជូនកម្ពុជានេះ ផលិតដោយក្រុមហ៊ុន Hitachi របស់ជប៉ុន។ជាប្រភេទរថភ្លើងដឹកអ្នកដំណើរមានចំនួន៤ទូ ដែល ក្នុងមួយទូៗអាចដឹកអ្នកដំណើរបាន ៨០នាក់ ដែលសរុបទាំ៤ទូ អាចផ្ទុកអ្នកដំណើរបានប្រមាណ ជា ៣២០នាក់៕