ភ្នំពេញ ៖ កម្ពុជាទទួលបានចំណូលជាង៦១លានដុល្លារអាមេរិកពីការនាំចេញកៅស៊ូជិត ៥ម៉ឺនតោននៅត្រីមាសទី១ ឆ្នាំ២០១៩នេះ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
គួររំឭកថា រយៈពេលពេញមួយឆ្នាំ២០១៨ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង ២១ម៉ឺនតោន ទទួលបានចំណូលជិត ៣០០លានដុល្លារអាមេរិក។ ជ័រកៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី។
របាយការណ៍បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ ខែមីនា ឆ្នាំ២០១៩ បរិមាណបញ្ចេញលក់ជ័រកៅស៊ូសរុបចំនួន ៤៨,១៩២តោន បានកើនឡើងចំនួន៩,០៤៦តោន ស្មើនឹង ២៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៨។ តម្លៃជ័រកៅស៊ូជាមធ្យមក្នុងរយៈពេលត្រីមាសទី១ ឆ្នាំ២០១៩ នេះ ប្រមាណ ១,២៧៩ដុល្លារក្នុង១តោន កើនឡើងចំនួន ១៧៩ដុល្លារក្នុង១តោន ស្មើនឹង ១២ភាគរយ។
សូមជម្រាបថា កម្ពុជាមានផ្ទៃដីកៅស៊ូ សរុបចំនួន៤៣៦,៣៥៧ហិកតា ដែលក្នុងនោះ មានផ្ទៃដីចៀរជ័រមានចំនួនជាង២០ម៉ឺនហិកតា៕