ភ្នំពេញ ៖ មានចម្ងល់ជាច្រើនជុំវិញហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រទះឃើញនិស្សិតស្រីម្នាក់ធ្វើអត្តឃាតដោយចងក សម្លាប់ខ្លួន ក្នុងបន្ទប់ជួលជាន់ទី៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៨៨ ជិតសាលារៀនប៊ែលធី ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ តែគួរឲ្យងឿងឆ្ងល់ថា បន្ទប់ដែលនិស្សិតស្រីធ្វើអត្តឃាតនោះ បានចាក់សោទ្វារពីខាងក្រៅ ?
សមត្ថកិច្ចឲ្យដឹងថា នារីរងគ្រោះខាងលើ មានឈ្មោះ ខន ស្រីលិន ភេទស្រី អាយុ២៣ឆ្នាំ មុនរបរជានិស្សិត និងជាអ្នកគិតលុយហាងភីហ្សាមួយកន្លែង ស្នាក់នៅទីតាំងកើតហេតុខាងលើ មានស្រុកកំណើតនៅឯស្រុកត្រាំកក់ ខេត្តតាកែវ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុម្តាយនារីរងគ្រោះបាន ខលទៅនាង តែមិនចូល បន្ទាប់មក ក៏ឲ្យប្អូនប្រុសទៅមើលកន្លែងធ្វើការតែមិនឃើញ ទើបទៅរកមើលនៅបន្ទប់ជួល តែឃើញចាក់សោទ្វារពីខាងក្រៅ។
ប្រភពព័ត៌មានបានបន្តថា ក្រោយមកក៏ហៅម្ចាស់ផ្ទះឲ្យយកកូនសោមកចាក់មើល ទើបប្រទះឃើញនារីរងគ្រោះចងក ជាប់នឹងចម្រឹងបង្អូចស្លាប់បាត់ទៅហើយ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា សពនារីរងគ្រោះមានសភាពស្អុយទៅហើយ ដោយមិនដឹងថា សម្លាប់ខ្លួនតាំងពីពេលណាមកទេ។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងជំនាញខាងកោសល្យវិច័យ តែមិនមានការបញ្ជាក់ថា សពស្លាប់ដោយចងក មែនឬយ៉ាងណានោះទេ។
ប្រជាពលរដ្ឋបានងឿងឆ្ងល់ថា គ្រាន់តែករណីចង ក សម្លាប់ខ្លួនសោះ ហេតុអីបានជាកម្លាំងសមត្ថកិច្ចលាក់បាំងមិនឲ្យអ្នកសារព័ត៌មានខ្លាំងម្ល៉េះ និងមិនឲ្យថតយករូបភាព ខណៈមានអ្នកឃើញនៅលើសាកសពមានស្នាមឈាមទៀតផង ហើយសូម្បីតែសពក៏នាំគ្នាសែងរត់ចូលរថយន្តដែលគ្មានស្លាកសញ្ញាជាឡាន សាមុយ ដឹកសពបើកចេញយ៉ាងលឿនទៅបាត់ ដោយគ្មានផ្តល់ព័ត៌មានអ្វីបន្តិចសោះ៕