ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់មន្ត្រីអាជ្ញាធរតាមបណ្តាខេត្តនានា ត្រូវយកចិត្តទុកដាក់ផ្តល់ព័ត៌មានឲ្យបានរហ័សបន្ទាន់ តាមតែអាចធ្វើបានជូនដល់ប្រជាពលរដ្ឋ ដើម្បីបង្ការគ្រោះថ្នាក់ពីគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ជាដើម ។
សូមជម្រាបថា រយៈពេលពីរថ្ងៃ គឺថ្ងៃទី២១និង២២ ខែមេសា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ គ្រោះធម្មជាតិដោយខ្យល់កន្ត្រាក់ បានកើតឡើងចំនួន៧លើក ក្នុងស្រុកចំនួន៧ របស់ខេត្តបាត់ដំបង រួមមានក្រុងបាត់ដំបង ស្រុកបាណន់ ស្រុកមោងឬស្សី ស្រុកគាស់ក្រឡ ស្រុករតនមណ្ឌល ស្រុកថ្មគោល និងស្រុកសង្កែ ដែលបណ្តាលឲ្យ ប្រជាពលរដ្ឋ៥២១គ្រួសារ (តួលេខបឋម) ទទួលផលប៉ះពាល់ និង ខូចខាតផ្ទះសម្បែងចំនួន៣២៩ខ្នង សាលារៀន២ខ្នង អាគារក្នុងវត្ត២ខ្នង និងបណ្តាលឲ្យមនុស្សរងរបួសចំនួន៧នាក់ ក្នុងនោះរបួសធ្ងន់ម្នាក់ ដោយបានបញ្ជូនទៅសម្រាកព្យាលនៅមន្ទីរពេទ្យបង្អែកខេត្ត។
តាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុកផ្លូវការនាព្រឹកមិញនេះ សម្តេចក្រឡាហោម ស ខេង បានសម្តែងការសោកស្តាយ និងសូមចូលរួមរំលែកទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ខេត្តបាត់ដំបងទាំងអស់ ដែលរងគ្រោះថ្នាក់ដោយបាតុភូតធម្មជាតិខ្យល់កន្ត្រាក់នេះ។ ក្នុងស្ថានភាពបែបនេះសម្តេចក្រឡាហោម ស ខេង ក៏បានណែនាំ និងអំពាវនាវដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់ជួយជាបន្ទាន់ ដល់ប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះធម្មជាតិនេះ ជាពិសេស ត្រូវជួយរៀបចំផ្ទះសម្បែង ឬទីជម្រក សម្រាប់ពួកគាត់ឡើងវិញ និងដោះស្រាយការលំបាកនានា ទៅតាមភាពជាក់ស្តែង និងលទ្ធភាពដែលមានស្រាប់ហើយសម្តេចនឹងចុះទៅជួបសួរសុខទុក្ខបងប្អូនផ្ទាល់នៅកន្លែងណាមួយនាពេលឆាប់ៗខាងមុខនេះ ។
ទន្ទឹមនោះ សម្តេចក្រឡាហោម ស ខេង ក៏សូមអំពាវនាផងដែរដល់មន្ត្រីអាជ្ញាធរខេត្តបាត់ដំបង ក៏ដូចជាខេត្តដ៏ទៃទៀតទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់ផ្តល់ព័ត៌មានឲ្យបានរហ័សបន្ទាន់តាមតែអាចធ្វើបានជូនដល់ប្រជាពលរដ្ឋដើម្បីបង្ការគ្រោះថ្នាក់ពីគ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះ និង សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវមានការប្រុងប្រយ័ត្ន និង មិនត្រូវធ្វេសប្រហែសឡើយ ចំពោះគ្រោះធម្មជាតិនេះ ដូចជានៅពេលដែលមានខ្យល់ និងភ្លៀងធ្លាក់ ត្រូវបិទឬមិនត្រូវប្រើទូរស័ព្ទ វិទ្យុ ទូរទស្សន៍ និងគ្រឿងអេឡិចត្រូនិចទៀត ហើយអ្នកដែលកំពុងប្រកបកិច្ចការនៅតាមទីវាលត្រូវរកកន្លែងដែលមានសុវត្ថិភាពសម្រាប់ជ្រក ដើម្បីចៀសវាងគ្រោះថ្នាក់ដល់រាងកាយ ឬការបាត់បង់ជីវិត ៕ ដោយ ៖ សុផល