ភ្នំពេញ ៖ នៅឆ្នាំ២០១៩នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៣ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ដែលប្រធានបទឆ្នាំនេះគឺ “កិច្ចគាំពារសង្គមដើម្បីផលិតភាព” ដែលប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្ដម បណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
នៅក្នុងពិធីអបអរសាទរខួបទិវាពលកម្មអន្តរជាតិ នៅព្រឹកថ្ងៃទី២៤ ខែមេសានេះ នៅទីស្តីការក្រសួង លោក បណ្ឌិត អ៊ិត សំហេង បានមានប្រសាសន៍ថា ការប្រារព្ធមីទ្ទិញថ្នាក់ជាតិថ្ងៃទី ១ ឧសភានាពេលនេះ គឺស្របពេលនឹងសភាពការណ៍របស់ប្រទេសជាតិ បាននឹងកំពុងបន្តរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ និងបន្តជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយជោគជ័យ ហើយក៏ជាការចូលរួមចំណែកមួយដ៏សំខាន់ក្នុងការអនុវត្តគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ សំដៅលើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែង ដើម្បីបន្តកែប្រែរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ ឱ្យរក្សាបាននូវកំណើន និងការបង្កើនការងារកាន់តែល្អប្រសើរ។
តំណាងសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា សម្តែងការអបអរសាទរនិងលើកឡើងថា ទិវាពលកម្មអន្តរជាតិ មិនមែនគ្រាន់តែជាការរម្លឹកដល់ការតស៊ូជាប្រវត្តិសាស្រ្តដើម្បីសេរីភាពការងារតែប៉ុណ្ណោះទេ តែប្រារព្ធឡើង ក្នុងគោលបំណងលើកកម្ពស់ និងលើកទឹកចិត្តឲ្យដល់អង្គការពលកម្មអន្តរជាតិ ក្នុងការបំពេញកិច្ចការ ដើម្បីសិទ្ធិសេរីភាពរបស់កម្មករ និងដើម្បីអបអរសាទរសមិទ្ធផលជោគជ័យ ជាពិសេស ការរីកចម្រើនផ្នែកសេដ្ឋកិច្ច ដែលកើតចេញពីចូលការរួមកម្លាំងពលកម្មគ្នារបស់កម្មករទូទាំងពិភពលោក៕