ថៃបាញ់ខ្មែរម្នាក់ស្លាប់ ម្នាក់ទៀតរបួសករណីឆ្លងដែនកាប់ឈើក្នុងស្រុកមឿង ខេត្តត្រាត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 April, 2019 ក+ ក-

ពោធិ៍សាត់ ៖ ក្រោយមានករណីទាហានឈុតខ្មៅ ថៃ បាញ់ប្រជាពលរដ្ឋខ្មែរម្នាក់ស្លាប់នៅនឹងកន្លែង និងរបួសធ្ងន់ម្នាក់ ដែលលួចឆ្លងដែនខុសច្បាប់ ដើម្បីកាប់ឈើក្រញូង នៅទល់មុខច្រកផ្លូវ៥៦ ស្ថិតក្នុងភូមិថាសេន ឃុំឡែមក្លាត ស្រុកមឿង ខេត្តត្រាត ប្រទេសថៃ កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនោះ សមត្ថកិច្ចចម្រុះដែលឈរជើងនៅក្នុងឃុំថ្មដា ស្រុកវាលវែង ក៏បានចេញប្រតិបត្តិការ បង្ក្រាបបានពលរដ្ឋខ្មែរ ដែលបម្រុងឆ្លងដែន ទៅកាប់ឈើក្រញូងខុសច្បាប់ ក្នុងទឹកដីថៃ បានចំនួន៥នាក់ បន្ថែមទៀត នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ។

តាមសេចក្តីរាយការណ៍ពីប៉ូលិស នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញនេះថា ពលរដ្ឋ ខ្មែរ ទាំង ៥នាក់ ដែលបម្រុងឆ្លងដែន ទៅកាប់ឈើក្រញូងខុសច្បាប់ ក្នុងទឹកដីថៃ ហើយត្រូវបាន សមត្ថកិច្ចឃាត់ខ្លួននោះមាន៖ ១-ឈ្មោះ ប៉ិច ម៉េន ភេទប្រុស អាយុ៤៦ឆ្នាំ, ២-ឈ្មោះ ព្រីង ភារិន ភេទ ប្រុស អាយុ២១ឆ្នាំ, ៣-ឈ្មោះ ស៊ុយ ស៊ីម ភេទប្រុស អាយុ២៨ឆ្នាំ ៤-ឈ្មោះ ចាន់ លីវិចិត្រ ភេទប្រុស អាយុ២៣ឆ្នាំ, និងទី៥-ឈ្មោះ ធី គន្ធា ភេទប្រុស អាយុ២០ឆ្នាំ ទាំងអស់គ្នារស់នៅភូមិព្រែកពីរ ឃុំ សំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ បច្ចុប្បន្ន ជនសង្ស័យទាំង ៥នាក់ ត្រូវបានឃាត់ខ្លួននៅ ប៉ុស្តិ៍ រដ្ឋបាលឃុំថ្មដា ដើម្បីបន្តនីតិវិធី។

គួរបញ្ជាក់ថា នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩កន្លងទៅ មានករណីទាហានឈុត ខ្មៅ ថៃ បាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរម្នាក់នៅនឹងកន្លែង និងរបួសធ្ងន់ម្នាក់ដែលឆ្លងដែនខុសច្បាប់ដើម្បីកាប់ ឈើក្រញូង នៅទល់មុខច្រកផ្លូវ៥៦ ស្ថិតក្នុងភូមិថាសេន ឃុំឡែមក្លាត ស្រុកមឿង ខេត្តត្រាត ប្រទេស ថៃ។

ជនរងគ្រោះដែលថៃបាញ់ស្លាប់មានឈ្មោះ ម៉ៅ មុំ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិព្រែកពីរ ឃុំសំរោង ស្រុកក្រវាញ ខេត្តពោធិ៍សាត់ ត្រូវគ្រាប់កាំភ្លើងត្រង់ចំណុចបោះដៃផុតធ្លុះចូលចុងដង្ហើម។ ចំណែកអ្នករងរបួសធ្ងន់មានឈ្មោះ អាន វិត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ត្រូវរបួស ៣កន្លែង រួមមានត្រង់ប្រអប់ដៃស្តាំ ភ្លៅស្តាំ និងប្រអប់ជើងស្តាំ។

សពជងរងគ្រោះត្រូវបានសមត្ថកិច្ចថៃ បញ្ជូនទៅខេត្តច័ន្ទបុរី ដើម្បីធ្វើកោសល្យវិច្ច័យ ចំណែកអ្នករងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរ ពេទ្យក្នុងខេត្តត្រាត។

នៅកន្លែងកើតហេតុ ដែលស្លាប់ជនរងគ្រោះម្នាក់ ក៏មានភ្ជាប់ជាមួយនឹងឈើ គ្រញូង ២ដុំផងដែរ។ មកដល់ពេលនេះ ពុំទាន់មានការអះអាងពីសមត្ថកិច្ចនៅឡើយទេ ពាក់ព័ន្ធការ ប្រគល់សាកសពជនសង្ស័យ មកកម្ពុជាវិញ។

​គេបានសង្ស័យថា ជនរងគ្រោះដែលស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ក្នុងហេតុខាងលើនេះ អាចជាបក្សពួករបស់ជនសង្ស័យទាំង៥នាក់ ដែលសមត្ថកិច្ច ចម្រុះក្នុងឃុំថ្មដា ឃាត់ខ្លួនបានកាលពីថ្ងៃទី២៥ ខែមេសា ផងដែរ៕