ខេត្តកំពង់ចាម ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩ បានអញ្ជើញចុះពិនិត្យគម្រោងស្ថាបនាផ្លូវក្រាលគ្រូសក្រហមចំនួនពីរខ្សែសរុបប្រវែង ១៧គ.ម.ស្ថិតក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម គឺមួយខ្សែ ចាប់ផ្តើមពីចំណុចរង្វង់មូលស្គន់ ទៅដល់បឹងជ្រោយ មានប្រវែង៦គីឡូម៉ែត្រ និងមួយខ្សែទៀត ចាប់ពីផ្លូវបំបែកដូនដុំ ដល់ផ្សារផ្អាវ មានប្រវែង ១១គីឡូម៉ែត្រ។
ក្នុងឱកាសចុះពិនិត្យគម្រោងនេះ លោក គូច ចំរើន បានមានប្រសាសន៍ថា នៅពេលឆាប់ៗខាងមុខនេះ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកជើងព្រៃ និងបានទទួលផ្លូវចាក់ក្រាលកៅស៊ូ DBST ហើយ ដែលនេះជាសមិទ្ធិផលថ្មីមួយរបស់រាជរដ្ឋាភិបាលអាណត្តិទី៦។
គួរជម្រាបថា បន្ទាប់ពីទទួលបានូវព័ត៌មាននេះ បងប្អូនប្រជាពលរដ្ឋដែលរស់នៅស្រុកជើងព្រៃ បានសម្តែងក្តីសប្បាយរីករាយយ៉ាងខ្លាំង ដោយចាត់ទុកថា នេះជាការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ ហើយសង្ឃឹមថា គម្រោងផ្លូវនេះ នឹងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់អ្នកដំណើរមកពីគ្រប់ទិសទី ពិសេសការដឹកជញ្ជូនកសិផលនានារបស់បងប្អូនប្រជាពលរដ្ឋក្នុងពេលទទួលផល ឬការប្រកបអាជីវកម្មផ្សេងៗ៕