ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងធ្វើកំណែទម្រង់ស៊ីជម្រៅចំពោះក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ។ ការកែទម្រង់នេះ សំដៅទៅលើការរៀបចំឡើងវិញនូវឋានន្តរស័ក្តិរបស់មន្ត្រីជាន់ខ្ពស់ក្នុងស្ថាប័នគ្រប់គ្រងកងកម្លាំងប្រដាប់អាវុធទាំងពីរប្រភេទ ដែលសម្តេចតេជោ បានមានប្រសាសន៍ថា នាយឧត្តមសេនីយផ្កាយមាស៤ នឹងមានតែ ២រូបគត់ សម្រាប់កងទ័ពក្របខណ្ឌក្រសួងការពារជាតិ ក្រៅពីនេះ នឹងសូមឱ្យស្ម័គ្រចិត្តទម្លាក់ពី ៤ មកត្រឹម ៣ , ២ និង ១ ។
បើតាមប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបានផ្សព្វផ្សាយដោយអង្គភាពព័ត៌មានហ្វ្រេសញ៉ូយ៍ នៅរសៀលថ្ងៃទី២៧ ខែមេសា បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងធ្វើកំណែទម្រង់ស៊ីជម្រៅចំពោះក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ដែលជាក្រសួងគ្រប់គ្រងលើកម្លាំងកងទ័ព និងកម្លាំងនគរបាល ហើយនៅថ្ងៃអនាគត ក្នុងជួរកងទ័ព មានតែរដ្ឋមន្ត្រីការពារជាតិ និងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទប៉ុណ្ណោះ ដែលពាក់ផ្កាយ៤, ត្រឹមអគ្គមេបញ្ជាការរង និងអគ្គនាយកនៃអគ្គនាយកដ្ឋាននានា ត្រូវពាក់ផ្កាយ៣, អគ្គនាយករងពាក់ត្រឹមផ្កាយ២។
សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា ថ្នាក់រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ដែលពាក់ផ្កាយ៤ និងទម្លាក់មកត្រឹមផ្កាយ ៣ ។ ចំណែកមេបញ្ជាការកងទ័ពជើងគោក ជើងអាកាស ជើងទឹក គឺពាក់ត្រឹមផ្កាយ៣ និងតាមបណ្តាមេបញ្ជាការភូមិភាគនានា ផ្តល់ត្រឹមផ្កាយ២ ។ ដោយឡែក អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទទាំងអស់ នឹងត្រូវពាក់ត្រឹមផ្កាយ៣។
ពាក់ព័ន្ធនឹងកំណែទម្រង់នេះ សម្តេចមានប្រសាសន៍ថា ក៏នឹងធ្វើកំណែទម្រង់លើកម្លាំងនគរបាលនៃក្រសួងមហាផ្ទៃផងដែរ៕