បាត់ដំបង ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងរថយន្តម៉ាកសាំយ៉ុង២គ្រឿង កាលពីវេលាម៉ោង១៥ និង២០នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិ៥ ចំនុចអូរតាមៀវក្រុម១២ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
ប្រភពបានបញ្ជាក់ថា រថយន្តម៉ាកសាំយ៉ុងមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ 2AH.5048 អ្នកបើកបរ ឈ្មោះច្រឹក ទិត ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ បើកបរ រស់នៅ ភូមិតានេស ឃុំរលៀប្អៀ ស្រុករលៀប្អៀ ខេត្តកំពង់ឆ្នាំង បានធ្វើដំណើរក្នុងទិសដៅភ្នំពេញ ទៅបាត់ដំបង ស្របទិសគ្នាមកដល់ចំនុចខាងលើបានបុកពីក្រោយរថយន្តម៉ាកសាំយ៉ុងមួយគ្រឿងទៀត ពណ៌ស្លែពាក់ស្លាកលេខភ្នំពេញ 2V.9604 អ្នកបើកបរឈ្មោះ អំ ជៀន ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ បើកបរ រស់នៅ ភូមិម្នង ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ខណៈពេលដែលម្ចាស់រថយន្តឈប់មើលអីវ៉ាន់ផ្នែកខាងក្រោយ បណ្តាលឱ្យស្លាប់១
នាក់ របួស៣នាក់។
ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះទាំង៤នាក់ខាងលើរួមមាន ៖ ទី១-ឈ្មោះ អំ ជៀន អ្នកបើកបរ(ស្លាប់), ទី២-ឈ្មោះ គីម អ៑ន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរកម្មករ របួសស្រាល, ទី៣-ឈ្មោះ ឆន វីរៈ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ របួសស្រាល អ្នកទាំង២រស់នៅភូមិពពេល ឃុំត្រស់ ស្រុករមាសហែក ខេត្តសា្វយរៀង និងទី៤-មិនស្គាល់អត្តសញ្ញាណរបួសធ្ងន់(បញ្ជូនទៅពេទ្យខេត្តបាត់ដំបង។
បច្ចុប្បន្នសាកសពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នករងរបួសបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមោងឬស្សី និងពេទ្យខេត្ត និងរថយន្ត រក្សាទុកនៅអធិការនគរបាលស្រុកមោងឬស្សី ដើម្បីដោះស្រាយនៅពេលក្រោយ៕ ដោយ ៖ សុផល