ភ្នំពេញ ៖ ជនជាតិចិនដែលនាំយកលុយជាង ៣លានដុល្លារចូលកម្ពុជាដោយខុសច្បាប់ បានសារភាពប្រាប់សមត្ថកិច្ចថា ប្រាក់ទាំងនេះពួកគេបានមកពីឈ្នះល្បែងនៅម៉ាកាវ, ចំណេញពីការរកស៊ីក្នុងក្រុមហ៊ុន និងមួយចំនួនទៀតខ្ចីបងប្អូន។ ពួកគេថា ការនាំមកនេះគឺដើម្បីវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា។
សូមជម្រាបថា វត្ថុតាងសាច់ប្រាក់សុទ្ធជាង ៣,៥លានដុល្លារអាមេរិក ត្រូវបានតុលាការរាជធានីភ្នំពេញសម្រេចឲ្យបញ្ជូនទៅរក្សាទុកនៅធនាគារជាតិនៃកម្ពុជា ដើម្បីជាភស្តុតាង ចំណែកជនជាតិ ៣នាក់ដែលបាននាំលុយដុល្លារនោះ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ PJ ភ្នំពេញ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ។
របាយការណ៍របស់អគ្គនាយករដ្ឋានអន្តោប្រវេន៍ បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ សមត្ថកិច្ចបានបើកប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យជាជនជាតិចំនួន៣នាក់ និងវត្ថុតាងជាសាច់ប្រាក់សុទ្ធ នៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងនោះជនសង្ស័យ ទី១.ឈ្មោះ Wang Shiping, ទី២.ឈ្មោះ Wang Lichao និងទី៣.ឈ្មោះ Zhang Jian។ ជនសង្ស័យទាំង៣នាក់ គឺជាជនជាតិចិន នឹងធ្លាប់ធ្វើដំណើរទៅមកប្រទេសកម្ពុជាជាច្រើនលើក។
ប្រភពព័ត៌មានបញ្ចាក់ថា លទ្ធផលនៃការសាកសួរ បានបង្ហាញថា ជនសង្ស័យ២នាក់ គឺឈ្មោះ Wang Shiping និងឈ្មោះ Wang Lichao ពិតជាបានយកសាច់ប្រាក់សរុបចំនួន ៣.៥២០.០០០ដុល្លាអាមេរិក ចេញពីទីក្រុងហុងកុង មកកាន់ប្រទេសកម្ពុជាមែន ដោយអះអាងថា ដើម្បីវិនិយោគលើវិស័យអចលនទ្រព្យ និងសណ្ឋាគារ ហើយថាប្រភពនៃសាច់ប្រាក់នោះ គឺបានមកពីការឈ្នះល្បែងនៅម៉ាកាវ ខ្ចីបងប្អូន និងខ្លះទៀតបានមកពីផលចំណេញក្រុមហ៊ុន ប៉ុន្តែសុទ្ធតែគ្មានឯកសារបញ្ជាក់។
ដោយឡែកជនសង្ស័យម្នាក់ទៀត គឺឈ្មោះ Zhang Jian បានផ្ដល់ចម្លើយថា ខ្លួនគ្រាន់តែជាអ្នកមកទទួលឈ្មោះ Wang Shiping និងឈ្មោះ Wang Lichao តាមការគ្រោងទុកប៉ុណ្ណោះ។
ប្រភពព័ត៌មានដដែល ឲ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំង៣រូបខាងលើ មាន ជនសង្ស័យឈ្មោះ Wang Shiping និងឈ្មោះ Wang Lichao ពិតជាបាននាំសាច់ប្រាក់ជាង ៣លាន ៥សែនដុល្លារនោះ ចូលមកប្រទេសកម្ពុជា ដោយគ្មានប្រភពហិរញ្ញវត្ថុច្បាស់លាស់ ដែលសង្ស័យជាការលាងសម្អាតលុយប្រាកដមែន ចំណែកឈ្មោះ Zhang Jian ក៏សង្ស័យជាប់ពាក់ព័ន្ធនឹងករណីនេះដែរ៕