ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា លោកមិនដែលឃើញមានអ្នកកាសែតមានវិជ្ជាជីវៈត្រឹមត្រូវណា មួយត្រូវបានគេប្តឹង ឬត្រូវជាប់ទោសទណ្ឌទៅតុលាការពាក់ព័ន្ធទៅនឹងចុះផ្សាយព័ត៌មានណាស់ លើកលែងតែការចុះផ្សាយទាំងនោះមានចេតនាបង្ខូចកេរ្តិ៍ធ្ងន់ធ្ងរ និងចេតនាប្រឌិតព័ត៌មានក្លែងក្លាយជាដើម។
លោក ខៀវ កាញារីទ្ធ បានថ្លែងបែបនេះនៅក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក ដែល អ្នកកាសែតចម្រុះស្ថាប័ន មានទាំងរដ្ឋមន្ត្រីក្រសួងព័ត៌មាន តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា និងមន្ត្រីស្ថានទូតស៊ុយអ៊ែត បានចូលរួមប្រារព្ធទិវាសារព័ត៌មាន ពិភពលោក ក្រោមប្រធានបទ«តួនាទីប្រកបដោយសក្តានុពលរបស់សារព័ត៌មានក្នុងការគាំទ្រសន្តិភាព និងប្រជាធិបតេយ្យនៅព្រឹកថ្ងៃទី ០៣ ឧសភា នៅសណ្ឋាគារ Raffle Le Royal » ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានក្រើនរំលឹកដល់អ្នកកាសែតក្នុងស្រុកនៅកម្ពុជា កុំឲ្យយកឈ្មោះ រឺយីហោជាអ្នកកាសែតទៅប្រព្រឹត្តល្មើល ខុសក្រមសីលធម៌វិជ្ជាជីវៈ ដែលនាំឲ្យខូចតម្លៃជាអ្នកកាសែត និងប៉ះពាល់ដល់កិត្តិយសដល់អ្នកកាសែតដទៃទៀត ដែលមានវិជ្ជាជីវៈត្រឹមត្រូវ។ អ្នកសារព័ត៌មានត្រូវរក្សានូវភាពថ្លៃថ្នូរ ចៀសវាងការប្រព្រឹត្តខុសច្បាប់ ក្នុងការយកតួនាទីទៅកាងបទល្មើសឈើ ទារលុយពីអ្នករកស៊ីខុសច្បាប់ និងបញ្ហាទំនាស់ដីធ្លីនានា ដែលប្រាសចាកពីក្រមសីលធម៌អ្នកកាសែត។
លោករដ្ឋមន្ត្រី បានទាត់ចោលនូវរបាយការណ៏ និងចំណាត់ថ្នាក់របស់អ្នកសារព័ត៌មានគ្មានព្រំដែន ថាជារបាយការណ៏មិនបានឆ្លុះបញ្ចាំងពីស្ថានភាពពិតស្តីពីសារព័ត៌មាន នៅកម្ពុជា។ លោក នៅតែអះអាងថា រាជរដ្ឋាភិបាលមិនដែលបិទកាសែត រឺវិទ្យុ ណាមួយនោះទេ គឺកាសែត និងវិទ្យុទាំងនោះបិទដោយខ្លួនឯងប៉ុណ្ណោះ។
នៅក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក្នុងឱកាសទិវាសេរីភាពសារព័ត៌មាននៅកម្ពុជាបានជម្រុញលើកទឹកចិត្តឲ្យអ្នកកា សែតក្លាហានហ៊ាននិយាយការពិត ធ្វើការរិះគន់ក្នុងន័យស្ថាបនា និងហ៊ាន ទទួលយកការពិត ដើម្បីឲ្យព័ត៌មានរបស់ខ្លួនក្លាយជាព័ត៌មានពីត ហើយធ្វើការឆ្លុះបញ្ចាំងឲ្យឃើញគ្រប់តថភាពសង្គម ដើម្បីចូលរូមចំណែកកសាងសង្គមមួយ ឲ្យមានភាពយុត្តិធម៌ សុខសន្តិភាព និងមានការអភិវឌ្ឍ ដែលជាបំណងប្រាថ្នារបស់មនុស្សជាតិនៅទូទាំងសកលលោក។ ដូចគ្នាទៅនឹងរដ្ឋមន្ត្រីព័ត៌មាន សម្តេចតេជោ នាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យអ្នកកាសែតក្នុងស្រុក និងបរទេសក្តីត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ ជៀសវាងការផ្សាយព័ត៌មានតែ មួយជ្រុង ដោយមិនបានផ្ទៀងផ្ទាត់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ។ ពិសេស កុំផ្សាយព័ត៌មានក្លែងក្លាយបំប៉ោងសភាពការណ៏ បន្តុះបង្អាប់ ញុះញង់អុជអាលឲ្យមានការស្អប់ខ្ពើម ប្រកាន់ពូជសាសន៏ ជំនឿ សាសនាជាដើម៕