ភ្នំពេញ ៖ យោងតាមសេចក្តីថ្លែងការណ៍រួមស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ានបូក៣ លើកទី២២ ដែលធ្វើឡើងនៅប្រទេសហ៊្វីជី បណ្តា រដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ានបូកបីបានគូសបញ្ជាក់ពីការ ប្រឆាំងទៅនឹងការគាំពារនិយមគ្រប់ទម្រង់ និងបេជ្ញាចិត្តក្នុងការអនុវត្តនូវវិធាននៃការធ្វើ ពាណិជ្ជកម្មតាមប្រព័ន្ធពហុភាគីនិយម និងការបើកចំហរក្នុងតំបន់ ដោយកិច្ចប្រជុំនេះមាន ការចូលរួមផងដែរពី លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុកម្ពុជា។
តាមសេចក្តីប្រកាសព័ត៍មានស្តីពីកិច្ចប្រជុំនេះបានឱ្យដឹងថា បណ្តារដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ានបូកបី ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់ផងដែរ អំពីស្ថានភាព និងការវិវត្តន៍ថ្មីៗនៃសេដ្ឋកិច្ចសកល និងតំបន់ ដោយបានវាយតម្លៃខ្ពស់ចំពោះ កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ានបូក៣ ដែលត្រូវបានព្យាករណ៍ប្រមាណ ៤,៦% និង ៤,៤% ក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ រៀងគ្នា នេះបើយោងតាមប្រភពពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលគំាំទ្រដោយការកើនឡើងយ៉ាងឆាប់រហ័ស និងរឹងមាំនៃតម្រូវការក្នុងស្រុក និង វិនិយោគ។
ក៏ប៉ុន្តែអង្គប្រជុំក៏បានទទួលស្គាល់អំពីភាពចាំបាច់ក្នុងការបន្តប្រើប្រាស់នូវរាល់ឧបករណ៍គោលនយោបាយនានានៅក្នុងតំបន់អាស៊ានបូក៣ សំដៅឆ្លើយតបទៅនឹងហានិភ័យចំពោះមុខមួយចំនួន ដូចជាភាពតានតឹងនៃពាណិជ្ជកម្មរវាងចិន និងអាមេរិក ការធ្លាក់ ចុះនូវកំណើនសេដ្ឋកិច្ចអ៊ឺរ៉ុបហួសពីការរំពឹងទុក និងការវិវត្តន៍ថ្មីៗនៃស្ថានភាពនយោបាយ ព្រមទាំងឆ្លើយតបទៅនឹងបញ្ហាប្រឈមរចនាសម្ព័ន្ធរយៈពេលវែងរួមមាន៖ គំលាតរវាងតម្រូវ ការ និងទំហំទុនក្នុងការវិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធ, បញ្ហាប្រជាជនមានវ័យចំណាស់ កាន់តែច្រើន, ការបំរែបំរួលអាកាសធាតុ និងបដិវត្តន៍ឧស្សាហកម្មទី៤ ជាដើម៕