ទណ្ឌិត២៥២នាក់ត្រូវបានស្នើបន្ធូរបន្ថយទោសនិងលើកលែងទោសនៅថ្ងៃបុណ្យវិសាខបូជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 May, 2019 ក+ ក-

ភ្នំពេញ ៖ ការស្នើសុំអនុគ្រោះទោសរបស់គណៈកម្មការរាជធានី-ខេត្ត មកពីពន្ធនាគាររាជធានី ខេត្តចំនួន២២ និងមណ្ឌលអប់រំកែប្រែចំនួន៣ នៅទូទាំងកម្ពុជា រួមមាន ៖ ម១,ម៣ និងម៤ ដែលបានស្នើសុំការ បន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន២៥២នាក់ (ស្រី១៦នាក់) ក្នុងឱកាសពិធីបុណ្យវិសាខបូជាឆ្នាំ២០១៩ ខាងមុខនេះ ត្រូវបានក្រសួងយុត្តិធម៌លើកយកមក ដាក់ក្នុងកិច្ចប្រជុំនារសៀលថ្ងៃទី៦ ឧសភានេះ នៅទីស្តីការក្រសួង ក្រោមអធិបតីភាពឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយ តម្លៃសម្រាប់ការលើកលែង និងបន្ធូរបន្ថយទោស។

បើតាមក្រឹត្យច្បាប់បានកំណត់ថា ចំពោះទណ្ឌិតដែលអាចបន្ធូរបន្ថយទោសបាន គឺត្រូវ
អនុវត្តទោសនៅក្នុងពន្ធធនាគារបាន ១ភាគ៣ នៃទោសសរុបសិន និងទណ្ឌិតដែលអនុវត្ត ទោសបាន ២ភាគ៣ នៃទោសទាំងមូលនឹងត្រូវបានទទួលការលើកលែងទោស។

សូមជម្រាបជូនថា កាលពីថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅ ទណ្ឌិតចំនួន ៤៦០នាក់ នៃពន្ធនាគាររាជធានី-ខេត្តចំនួន១៨ និងមណ្ឌលអប់រំកែប្រែចំនួន៤ ត្រូវបានស្នើសុំ បន្ធូរបន្ថយទោស និងលើកលែងទោស ហើយក្រោយពីការពិនិត្យ និងវាយតម្លៃរួចមកមាន ទណ្ឌិតចំនួន ១៣៤នាក់ (ស្រី២៨នាក់) ត្រូវបានលើកលែង និងបន្ធូរបន្ថយទោសរួចហើយ ដោយក្នុងចំណោមទណ្ឌិតទាំងអស់នោះ ត្រូវបានស្នើបន្ថយទោស៦ខែ ចំនួន៥៧នាក់ (ស្រី៦នាក់) ស្នើបន្ថយទោស៩ខែ ចំនួន១៩នាក់ (ស្រី២នាក់) ស្នើបន្ថយទោស១២ខែ ចំនួន៤០នាក់ (ស្រី១៧នាក់) ស្នើបន្ថយទោសពីមួយជីវិតមកត្រឹម២០ឆ្នាំ ចំនួន២នាក់ (ស្រី២នាក់) និងស្នើលើកលែងទោស ចំនួន១៦នាក់ (ស្រី១នាក់)៕