ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ នេះ នៅវិមានសន្តិភាព សម្តេចនាយករដ្ឋមន្រ្តីតេជោ ហ៊ុន សែន បានអញ្ជើញជួបមន្រ្តីប្រតិភូនៃទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UN) ដឹកនាំដោយស្រី PAULINE THMESIS ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានបញ្ជាក់នៅក្រោយជំនួបនេះថា ក្នុងជំនួបនេះលោកស្រី Pauline Tamesis ប្រធានប្រតិភូ បានគោរពជម្រាបជូនសម្ដេចតេជោ និងប្រតិភូទាំងមូលថា អង្គការសហប្រជាជាតិសូមសម្តែងនូវការអបអរសាទរ ចំពោះការងារដែលបានអនុវត្តនាឆ្នាំកន្លងមក។
នៅក្នុងកិច្ចប្រជុំនេះ ប្រតិភូនៃទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) បានលើកឡើងនូវចំណុចសំខាន់ៗ៣ គឺ៖ ១. ពាក់ព័ន្ធទៅនឹងកិច្ចគាំពារសង្គម, ២. ទាក់ទងទៅនឹងទិន្នន័យសម្រាប់ការអភិវឌ្ឍ និង ៣. បញ្ហាការចូលរួមពិនិត្យរបាយការណ៍ថ្នាក់ជាតិលើការអនុវត្តគោលដៅអភិវឌ្ឍន៍ដោយចីរភាព នៅក្នុងទីក្រុងញ៉ូវយ៉ក (New York) នៅខែ៧ខាងមុខនេះ។
ជាការឆ្លើយតបសម្ដេចតេជោ ក៏បានអនុញ្ញាតឲ្យឯកឧត្ដមរដ្ឋមន្ត្រីក្រសួងផែនការធ្វើការបកស្រាយ ហើយក៏បានបន្ថែមថា កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួមប្រជុំនៅខែ៧ ខាងមុខនេះ ហើយសុំឲ្យមានការចូលរួមគាំទ្រពីស្ថាប័នពាក់ព័ន្ធនោះ សម្ដេចក៏បានមានប្រសាសន៍ឆ្លើយតបថា សព្វថ្ងៃនេះរាល់ការងារទាំងអស់ គឺមានការសម្របសម្រួលគ្នា ហើយក៏មានការចូលរួមជាពិសេស ពីឧត្តមក្រុមប្រឹក្សាជាតិសម្រាប់ការអភិវឌ្ឍ។
សូមបញ្ជាក់ថា ជំនួបរវាងប្រតិភូក្រុមភ្នាក់ងារអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលនេះ គឺមានការជួបគ្នាជារៀងរាល់ឆ្នាំគឺក្នុងមួយឆ្នាំម្តង។ ហើយនេះជាលើកទី៥ ហើយដែលក្រុមភ្នាក់ងារអង្គការសហប្រជាជាតិ ចូលជួបប្រជុំជាមួយរាជរដ្ឋាភិបាល៕