ខេត្តព្រះសីហនុ ៖ ជនជាតិចិន ២នាក់ ត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនុ តាមស្ទាក់ឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីពួកគេបាញ់សម្លាប់បុរសម្នាក់ជាជនជាតិចិនដូចគ្នា ហើយទម្លាក់ចេញពីរថយន្ត នៅចំណុចនៅមុខសណ្ឋាគាខ្សាច់ស ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅវេលាម៉ោង ៣៖៣០នាទីរសៀល ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩។
សូមជម្រាបថា បុរសជនជាតិចិនម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងហេតុការណ៍បាញ់ប្រហារមួយករណី ដោយឃាតករច្រានទម្លាក់ពីលើរថយន្ត រួចបាញ់បញ្ជូនពីក្រោយ ចេញពីរថយន្តមួយគ្រឿងម៉ាក ហាយឡិនឌ័រ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2K- 3970 នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចមុខសណ្ឋាគាខ្សាច់សច ក្នុងក្រុម១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ។
ភ្លាមៗ នៅក្រោយពេលកើតហេតុ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានស្ទាក់ចាប់បានរថយន្តនិងជនសង្ស័យចំនួន២នាក់ នៅចំណុចភូមិ០៣ សង្កាត់លេខ០៤ ក្រុង.ខេត្តព្រះសីហនុ។ ប៉ុន្តែទោះជាយ៉ាងណា សមត្ថកិច្ចមិនទាន់ដឹងមូលហេតុច្បាស់លាស់ នៃករណីឃាតកម្មនេះនៅឡើយទេ។
បច្ចុប្បន្នជនសង្ស័យចំនួន០២រូបនិងរថយន្តមួយគ្រឿងត្រូវបានយកទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕