ភ្នំពេញ ៖ ជនឆ្លៀតឱកាស៣នាក់ដែលក្លែងបន្លំខ្លួនធ្វើជាសង្ឃ ត្រូវបានសមត្ថកិច្ចតាមទាន់ ឃាត់ខ្លួនបាន រួមជាមួយអ្នកបើកបររុឺម៉កម្នាក់ផងដែរ កាលពីវេលាម៉ោង ០៥និង៤០នាទីព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ នេះ នៅចំណុចតាមដងផ្លូវសម្តេច ជាស៊ីម ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
សមត្ថកិច្ច បានឲ្យដឹងថា សង្ឃក្លែងក្លាយទាំង៣នាក់ខាងលើ ទី១ ឈ្មោះ ជា ផាន់នី អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ទី២ ឈ្មោះ ជិន សាមុន អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ទី៣ ឈ្មោះ វៃ សុីណា អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
ចំណែកអ្នកបើកបររុឺម៉កម្នាក់ ឃាត់ខ្លួនដែរនោះ ឈ្មោះ សួស ពិសិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ មុខរបររត់កង់បី ស្នាក់នៅម្តុំចំការដូង ។ ទាំង៤នាក់មានស្រុកកំណើតភូមិស្រម៉រ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រវែង ។
អាជ្ញាធរមូលដ្ឋានឲ្យដឹងថា មុនកើតហេតុខណៈកម្លាំងសមត្ថកិច្ចជិះម៉ូតូដើរល្បាត មើលក្នុងមូលដ្ឋាន ដល់គោលដៅខាងលើ ស្រាប់តែឃើញរុឺម៉កម៉ូតូកង់បីខាងលើអ្នកជិះ០៣នាក់ មានកោសក់ខុសប្រក្រតីក៍ឃាត់ពិនិត្យស្រាប់តែឃើញសម្ភារៈសង្ឃក្លែងបន្លំសំលៀកស្បង់ជីវរ ឃាត់ជាក់ស្តែងតែម្តងនិងយកមកធ្វើការសាកសួរនៅប៉ុស្តិ៍ ។
នៅចំពោះមុខសមត្ថកិច្ចសង្ឃក្លែងបន្លំខាងលើបានប្រាប់ថាពួកគេមិនមែនលោកសង្ឃទេជាប្រជាពលរដ្ឋធម្មតាដោយសារតែធ្វើការសំណង់រកលុយមិនបានក៍មានគំនិតក្លែងជាសង្ឃហើយដើរបិណ្ឌបាតតាមផ្សារនានាក្នុងក្រុងតែម្តងដោយមានរឺម៉កព្រឹកឡើងមកដឹកចេញពីបន្ទប់ជួលហើយប្តូរសំលៀកបំពាក់មកស្បង់ជីវរតាមដងផ្លូវ ។
ក្រោយពីមានចម្លើយសារភាពបច្ចុប្បន្នជនក្លែងបន្លំខាងលើត្រូវបាននាំខ្លួនយកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខបន្ត ៕ ដោយ ៖ ស.ស.រ