ភ្នំពេញ ៖ ភាពចម្រូងចម្រាស់ដោយពាក្យសំដីរវាងភាគីអ្នកទិញដីជាមួយភាគីខាងក្រុមហ៊ុនពុះដីឡូត៍«ខ្យល់»លក់ បន្ទាប់ពីអត់មានដីប្រគល់ឲ្យអតិថិជន ហើយទារពេលយកគ្មានលុយវិញ ក៏សន្យាខ្យល់ទៀត កើតជារឿងជម្លោះផ្អើលដល៉សមត្ថកិច្ចចុះទៅសម្របសម្រួលកាលពីល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ នៅទីស្នាក់ការក្រុមហ៊ុនលក់ដីឡូត៍ ស្ថិតក្នុងភូមិស្រែតេជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
នេះជាលើកទីពីរហើយ នៅដើមឆ្នាំ២០១៩ នេះ ដែលលើកទី១ គឺជាករណីលក់ឡានខ្យល់បង់រំលស់ ហើយនៅទីបំផុតម្ចាស់ឃ្លាំងលក់រថយន្តត្រូវបានចាប់ឃុំខ្លួន បន្ទាប់ពីរកឃើញថា បានទទួលលុយកក់ និងលុយបង់រំលស់ទិញរថយន្តរាប់់សិបម៉ឺនដុល្លារពីអតិថិជនជាច្រើននាក់ រួចរត់គេចខ្លួនបាត់។
ក្រុមហ៊ុនលក់ដីខ្យល់យីហោ រៀលប្រជេក ប៊ីហ្សនេស ឯ.ក ដែលមានអាសយដ្ឋាន ផ្ទះលេខ៣៦ មហាវិថីឈ្នះ ឈ្នះ ក្នុងភូមិស្រែតេជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
បុរសម្នាក់ឈ្មោះ សាន មឿន អាយុ៤៥ឆ្នាំ ជាភាគីអ្នកទិញដី បានឲ្យដឹងថា គាត់បានទិញដីបង់រំលស់ ពីក្រុមហ៊ុនខាងលើ បង់លុយជាតំណាក់កាលៗ ហើយគាត់បង់អស់ ប្រាក់ចំនួន ២.៥០០ដុល្លាហើយ លើតម្លៃដីសរុប ៩.៨០០ដុល្លា គឺបង់ក្នុង១ខែ ២០០ដុល្លារ ទៅតាមលក្ខខណ្ឌ ៥ខែ តែអ្វីដែលមិននឹកស្មានដល់នោះគឺ ខំបង់លុយអស់ ២.៥០០ដុល្លារទៅហើយ បែរជាក្រុមហ៊ុនមិនមានដីប្រគល់ឲ្យទៅវិញ សួរឯលិច ឆ្លើយឯកើត សួរកើតធ្លាយជើង ទីបំផុតទើបដឹងថា ក្រុមហ៊ុននេះលក់ដី«ខ្យល់» រកតែមួយដីបង្គីក៏គ្មានផង ដើរតែចង្អុលដីគេពាសវាលពាសកាល ម្តងថាដីត្រង់នេះ ម្តងនៅត្រង់នោះ ពេលអស់កន្លែងភរ បែរជាសន្យាប្រគល់ឲ្យលុយវិញ ហើយការសន្យាប្រគល់លុយវិញនោះទៀតសោត បើមិនបានគ្រប់ចំនួន តាមកិច្ចសន្យាដែរ។
តាមភាគីខាងក្រុមហ៊ុនលក់ដី ឈ្មោះ លី វ៉ាឌីណា អាយុ៤៩ឆ្នាំ មានទីលំនៅ ភូមិ សង្កាត់កើតហេតុ នៅក្នុងពេលមានការតវ៉ា លោកមិនមានការបំភ្លឺជុំវិញដីដែលលក់ឲ្យអតិថិជនថាស្ថិតនៅត្រង់ណាឲ្យបានច្បាស់លាស់ឡើយ ក្រោយពីភាគីខាងអតិថិជនខ្លួន ផ្ទុះកំហឹងបំរុងនាំគ្នាប្រមូលឥវ៉ាន់ បែរជាស្រែកឆ្កាដៃជើងខឹង នឹងប្តឹងនឹងមន្ត្រីនគរបាលដែលមានវត្តមានជាសាក្សីក្នុងហេតុការនេះទៅវិញ។
ទោះជាយ៉ាងណាក៏ដោយ ភាពចម្រូងចម្រាស់គ្នានេះ ភាគីអ្នកទិញដី បានផ្អាក ការប្រមូលយកឥវ៉ាន់របស់ក្រុមហ៊ុនទៅវិញ បន្ទាប់ពីមានអន្តរាគមន៍ពីសមត្ថកិច្ច ដោយស្នើឲ្យ រង់ចាំរកដំណោះស្រាយដោយសន្តិវិធី នៅថ្ងៃបន្ទាប់ទៀត៕