បន្ទាយមានជ័យ ៖ អាជ្ញាធរក្រុងសិរីសោភ័ណបានទុកពេលឲ្យអ្នកម៉ៅការភាស៊ីផ្សារចំការរគរ(ផ្សារថ្មី) និងជាពិសេសផ្សារសិរីសោភ័ណ រយៈពេល៣ខែ អោយធ្វេីការកែប្រែឥរិយាបថមួយចំនួន ពិសេសលេីការប្រមូលសំរាមផ្សារសិរីសោភ័ណ ដែលកន្លងមកមានការរិះគន់មកអាជ្ញាធរថាការប្រមូលសំរាមមិនទៀងទាត់ ជាហេតុបណ្តាលឲ្យមានក្លិនមិនល្អ និងទុកដាក់សំរាមមិនត្រឹមត្រូវទៅតាមការកំណត់ ។
នេះបេីតាមការលេីកឡេីងរបស់លោក ហ៊ឹល រ៉ាយ៉ា អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ ដែលបានកោះអញ្ជេីញអ្នកម៉ៅភាស៊ីផ្សារខាងលេីដែលមានម្ចាស់ម៉ៅការតែមួយ ដេីម្បីប្រជុំវែកញែកដោះស្រាយ ដែលមានការចូលរួមពីអភិបាលរងក្រុង អ្នកពាក់ព័ន្ធ ក្រុមហ៊ុនប្រមូលសំរាម ដែលប្រារព្ធធ្វេីនៅសាលប្រជុំសាលក្រុងសិរីសោភ័ណ នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ ។
ការព្រមានទៅលេីអ្នកម៉ៅភាស៊ីផ្សារចំការគរ និងផ្សារសិរីសោភ័ណនេះ មិនមែនជាលេីកទីមួយនោះទេ ពោលកាលពីកន្លងទៅអាជ្ញាធរក្រុងសិរីសោភ័ណក៏ បានព្រមានទៅលេីអ្នកម៉ៅការភាស៊ីផ្សារចំការគរ ដែលបានដេីរយកភាស៊ីពីកញ្ចែង កញ្ជេីរ ល្អី ដែលផ្គេីនទៅនឹងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលលេីកលែងមិនអោយយកភាស៊ី។
លេីកនេះអ្នកម៉ៅការភាស៊ីមិនសូវអនុវត្តទៅតាមលិខិតនៃកិច្ចសន្យាថា នឹងធ្វេីការថែរក្សាបរិស្ថានផ្សារ សន្តិសុខសណ្តាប់ធ្នាប់ និងមិនព្រមអនុវត្តតាមការណែនាំរបស់រដ្ឋបាលក្រុង តែផ្ទុយទៅវិញ ការអនុវត្តហាក់ដូចជាគ្មានប្រសិទ្ធភាពឡេីយ ការប្រមូលសំរាមមិនទៀងទាត់ មិនសូវយកចិត្តទុកដាក់លេីរឿងសំរាមក្នុងផ្សារ ការចោលសំរាមពាសវាលពាសកាល មិនមានការកំណត់ទីតាំងជាក់លាក់ ធ្វេីអោយប្រជាពលរដ្ឋ និងអាជីវករ មានការរិះគន់ធ្ងន់ៗមកលេីអាជ្ញាធរថាសម្រាមអត់ប្រមូល ប្រមូលតែលុយ។
លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង បានទុកពេលឲ្យអ្នកម៉ៅការភាស៊ីផ្សារសិរីសោភ័ណរយៈពេល៣ខែ ក្នុងការកែប្រែឥរិយាបថឡេីងវិញ បេីពុំនោះទេលោកដកចេញតែម្តងដោយគ្មានលក្ខខណអ្វីទាំងអស់ ។
លោកបន្តថា កន្លងមកបណ្តារអាជីវករក្នុងផ្សារសិរីសោភ័ណ បានលេីកឡេីងថា អ្នកយកភាស៊ីតែងតែដេីរយកជាប្រចាំ ប៉ុន្តែសំរាមគឺនៅដ៏ដែលធ្វេីឲ្យគាត់ដែលលក់ដូរក្បែរនោះស្មេីរតែដង្ហេីមមិនរួចដោយវាមានក្លិនស្អុយ ។
ជាមួយនឹងការព្រមានជាលេីកចុងនោះដែល អាជ្ញាធរក្រុងនិងធ្វេីការដាក់កាមេរ៉ាសុវត្ថិភាពនៅតាមទីតាំងមួយចំនួននៅផ្សារចំការគរ (ហៅផ្សារថ្មី) និងផ្សារសិរីសោភ័ណ ដេីម្បីតាមដានមេីលសកម្មភាពបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលតែងតែយកសំរាមយកចោលគ្មានសណ្តាប់ធ្នាប់ ដេីម្បីធ្វេីការផាក់ពិន័យ ។ ក្នុងនោះរដ្ឋបាលក្រុងនឹងចេញសេចក្តីជូនដំណឹងដល់បងប្អូនដែលរស់នៅក្បែរផ្សារ មិនអនុញ្ញាតឲ្យចោលសំរាមនៅក្នុងផ្សារនោះទេ បេីដឹងថាមានការចោលសំរាម មិនគោរពទៅតាមសេចក្តីជូនដំណឹងនឹងផាក់ពិន័យតាមច្បាប់ដែលមានចែង ។
ទន្ទឹមនឹងនោះ អភិបាលក្រុងសិរីសោភ័ណ ក៏បានជុំរួញដល់ក្រុមហ៊ុនប្រមូលសំរាម ត្រូវប្រមូលឲ្យបានទៀងទាត់នៅតាមគោលដៅ និងទីតាំងដែលបានកំណត់ ដេីម្បីកុំឲ្យមានការកក់ស្ទះសំរាមយូរ ធ្វេីឲ្យមានក្លិនមិនល្អ ប៉ះពាល់ដល់សុខភាពប្រេជាពលរដ្ឋ ៕