អតីតមន្រ្តីរាជការស៊ីវិល អាចបើកប្រាក់ប្រចាំខែឧសភា ចាប់ពីថ្ងៃទី១០ ឧសភា តទៅ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 May, 2019 ក+ ក-

ភ្នំពេញ ៖ និវត្តជន និងអតីតមន្រ្តីរាជការស៊ីវិល នឹងបើកប្រាក់របបសន្តិសុខសង្គមប្រចាំខែឧសភា ឆ្នាំ២០១៩ និងប្រាក់គោលនយោបាយសោធនសម្រាប់ខែឧសភា ឆ្នាំ២០១៩ សម្រាប់២សប្តាហ៍លើកទី១ ចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ តទៅ តាមប្រព័ន្ធធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា ក្នុង២៥រាជធានី-ខេត្តនៅទូទាំងប្រទេស។

យោងតាមសេចក្តីជូនដំណឹងរបស់បេឡាជាតិសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិល ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា «ប្រាក់គោលនយោបាយរបបសន្តិសុខសង្គម និងការបន្ថែមរបបសន្តិសុខសង្គមសម្រាប់ និវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈ សម្រាប់ខែឧសភា ឆ្នាំ២០១៩ សម្រាប់២សប្តាហ៍លើកទី១ នឹងត្រូវបើកចាប់ពី១០ ខែឧសភា ឆ្នាំ២០១៩តទៅ»។

សេចក្តីជូនដំណឹងដដែល ក៏បានរំលឹកផងដែរថា ចំពោះការបើកប្រាក់របបសន្តិសុខសង្គមខាងលើនេះ និវត្តជន និងអតីតមន្រ្តីរាជការស៊ីវិលទាំងអស់ ត្រូវយកភ្ជាប់មកជាមួយនូវសៀវភៅគណនី និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬកាត ATM ដើម្បីប្រើប្រាស់ បើកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលើ នៅទូទាំងប្រទេស។ក្នុងករណីមានបញ្ហាផ្សេងៗ សូមមេត្តាជូនដំណឹងមកបេឡាជាតិសន្តិសុខសង្គម សម្រាប់មន្រ្តីរាជការស៊ីវិល តាមប្រព័ន្ធទូរស័ព្ទលេខ ០២៣ ៧២៦ ៤៩១ ០២៣ ៩៨៧ ៥១២ និង ០២៣ ៩៨៧ ៥២៣៕