ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានយាងចាកចេញពីរាជធានីភ្នំពេញ នៅវេលាម៉ោង ៩ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ នេះ ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បីចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១ ដែលរៀបចំដោយប្រទេសចិន។ ព្រះរាជដំណើររបស់ព្រះអង្គនាពេលនេះ តបតាមការយាងរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង។ ក្នុងអំឡុងនៃព្រះរាជអវត្តមានរបស់ព្រះមហាក្សត្រ រាល់ព្រះរាជកិច្ចរបស់ព្រះអង្គ នឹងត្រូវរ៉ាប់រងដោយប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។
គួររំលឹកដែរថា កិច្ចសន្ទនាស្តីពីអរិយធម៌អាស៊ី ត្រូវបានស្នើឡើងដោយលោកប្រធានាធិបតី ស៊ី ជីនពីង នៅក្នុងសន្និសីទប្រចាំឆ្នាំប៉ូអាវ ខេត្តហៃណាន ប្រទេសចិន កាលពីខែមីនា ឆ្នាំ២០១៥។ កិច្ចសន្ទនាអរិយធម៌អាស៊ីនេះ ក្នុងបំណងពង្រឹងការផ្លាស់ប្តូររវាងយុវជនវ័យក្មេង សង្គមស៊ីវិល តំបន់ និងប្រព័ន្ធផ្សព្វផ្សាយនានាហើយបង្កើតបណ្តាញនៃការផ្លាស់ប្តូរការគិតនិងកិច្ចសហប្រតិបត្តិការ។
កិច្ចប្រជុំសន្ទនាអរិយធម៌អាស៊ីនេះ នឹងផ្តោតលើប្រធានបទនៃការផ្លាស់ប្តូរអរិយធម៌អាស៊ី ការយល់ដឹងពីគ្នាទៅវិញទៅមក និងសហគមន៍រួមវាសនា។ គោលបំណងសំខាន់ គឺឆ្ពោះទៅមុខដើម្បីទទួលបាននូវសមិទ្ធផលដ៏អស្ចារ្យនៃអរិយធម៌នៅអាស៊ីនិងពិភពលោក បង្កើតជាវេទិកាសម្រាប់ការរៀនសូត្រពីគ្នាទៅវិញទៅមកនិងការអភិវឌ្ឍទៅវិញទៅមក បង្កើនទំនុកចិត្តលើវប្បធម៌អាស៊ី លើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីនិងការជឿទុកចិត្តគ្នាទៅវិញទៅ មក រួមកម្លាំងគ្នាដោយមានការយោគយល់គ្នា ក្នុងការអភិវឌ្ឍតំបន់អាស៊ី ជំរុញឱ្យមានភាពរឹងមាំនៃការបង្កើតថ្មីនៅអាស៊ី ផ្ដល់ការគាំទ្រខាងស្មារតីដល់សហគមន៍រួមវាសនានៅអាស៊ីនិងសហគមន៍រួមវាសនារបស់មនុស្សជាតិ។
សូមជម្រាបថា អញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា មានវត្តមានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃកម្ពុជា សម្តេចក្រឡាហោម ស ខេង សម្តេចវិជ័យសេនា ទៀ បាញ់ និងមន្រ្តីជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ព្រមទាំងមន្ត្រីព្រះបរមរាជវាំង ព្រះញាតិវង្សផងដែរ៕