ភ្នំពេញ ៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងនីតិសម្បទារាជធានីភ្នំពេញ កំពុងគ្រប់គ្រងធ្វើរបបគោលនយោបាយដល់អតីតយុទ្ធជនកម្ពុជារាជធានីភ្នំពេញ គិតត្រឹមខែឧសភា ឆ្នាំ២០១៩ មានចំនួនសរុប៩៣១៨នាក់។
នេះយោងតាមការលើកឡើងរបស់អ្នកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ក្នុងពិធីអបអរសាទរ ប្រារព្ធខួបលើកទី១២ ទិវាអតីតយុទ្ធជនកម្ពុជា២១ មិថុនា ដែលប្រារព្ធធ្វើឡើង ក្រោមវត្តមាន លោកជំទាវ កែវ សុខពិសី តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១៦ ឧសភានេះ។
លោកស្រី មុំ ចាន់ដានី បានបញ្ជាក់ថាក្នុងចំណោមអតីតយុទ្ធជនទាំងនោះ រួមមាន៖ ជនពិការចំនួន១២៦១នាក់ គ្រួសារពលី១២១២នាក់ គ្រួសារមរណៈ ៥៨២នាក់ និវត្តជន៣៦៨៤នាក់ ជនបាត់បង់ពលកម្ម៦៧នាក់ បន្ទុក៩៩១៨នាក់ និង កូន២៤១៤នាក់។
លោកជំទាវ កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានមានប្រសាសន៍លើកឡើងថា ការប្រារឰពិធីខួបលើកទី ១២ ទិវាអតីតកម្ពុជា២១ មិថុនានេះ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និង រំឭកគុណូបការៈគុណ ចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ រហូតធ្វើឲ្យប្រទេសជាតិយើងមាន ការអភិវឌ្ឍរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ន។
លោកជំទាវបន្តថា ក្រោយឆ្នាំ១៩៧៩ បងប្អូនអតីតយុទ្ធជនទាំងអស់ មានអាយុត្រឹមតែ១៥ទៅ២០ឆ្នាំប៉ុណ្ណោះ តែមកដល់ពេលនេះបានចូលនិវត្តន៍ទៅហើយ ខណៈដែលការណោះ បងប្អូននិវត្តន៍ជនទាំងអស់ សុទ្ធតែធ្វើការបំពេញការងារជូនជាតិ ដោយមិនមានប្រាក់ខែផងនោះ។
លោកជំទាវបន្តទៀតថា ក្រោមនយោបាយឈ្នះឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាទាំងមូលមានសុខសន្តិភាពពេញបរិបូរណ៍ ធ្វើឲ្យកម្ពុជាមានឱកាសអភិវឌ្ឍន៍ប្រទេស មានការ រីកចម្រើនរហូតមកដល់បច្ចុប្បន្ននេះ ដោយមើល ឃើញពីគុណតំលៃ មិនអាចកាត់ថ្លៃបានពីសំណាក់អតីតយុទ្ធជន ទើបសម្ដេចបានបង្កើតឲ្យមានជាទិវារំលឹកអតីតយុទ្ធជននេះឡើងនៅថ្ងៃទី១២មិថុនាជារៀងរាល់ឆ្នាំ ។ មិនតែប៉ុណ្ណោះសម្ដេចតេជោនៅបានផ្ដល់ជាដីសម្បទាន ជាផ្ទះសំបែង ថវិកា និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនបងប្អូននិវត្តន៍ជន ថែមទៀតផង៕