ម្ចាស់កាស៊ីណូនៅខេត្តព្រះស៉ីហនុរំលោភយកចិញ្ចេីមផ្លូវធ្វេីអាជីវកម្ម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 May, 2019 ក+ ក-

​ខេត្តព្រះសីហនុ ៖ ម្ចាស់កាស៊ីណូជនជាតិចិននៅខេត្តព្រះសីហនុ ជាច្រើនកន្លែងហាក់ដូចជាមានសិទ្ធិអំណាចធំណាស់ យកចិញ្ចើមផ្លូវសាធារណៈធ្វើកន្លែងចតរថយន្តពាសវាលពាសកាលធ្វើរំភើយ ប្រហែលជាអាជ្ញាធរខេត្តព្រះសីហនុ មិនទាន់បានឃើញរូបភាពទាំងអស់នេះទេមើលទៅ បានជាពួកគាត់ធ្វើព្រងើយកន្តើយបែបនេះ។

បងប្អូនប្រជាពលរដ្ឋ និងអ្នកលេងតាមបណ្ដាញសង្គមហ្វេសប៊ុក ជាច្រើន បាន share រូបភាពនេះ ចែករំលែកបន្តគ្នា ដើម្បីឲ្យឃើញដល់អាជ្ញាធរនៅខេត្តព្រះសីហនុ តែកន្លងទៅនេះ គ្មានឃើញអ្វីប្រែប្រួលទេ ហើយទង្វើបបែបនេះ មិនមែនតែកាស៊ីណូតែមួយកន្លែងនេះទេ គែមានច្រើនកន្លែង បានយកចិញ្ចើមផ្លូវចូលធ្វើការចតរថយន្តរកស៊ីយកលុយច្រកហោប៉ៅផ្ទាល់ខ្លួន មិនខ្វល់ពីករណីធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈនោះឡើយ។

ប្រជាពលរដ្ឋរិះគន់យ៉ាងចាស់ដៃទៅលើអាជ្ញាធរពាក់ព័ន្ធ ដែលបណ្តែតបណ្តោយឲ្យកើតមាននូវករណីបែបនេះ។

គួរជម្រាបថា កន្លងមក ខេត្តទេសចរណ៍​ដ៏ល្បីល្បាញ ព្រះសីហនុ ចេះតែមកើតមានបទល្មើសជាបន្តបន្ទាប់ដែលភាគច្រើនបង្កឡើងដោយជនជាតិចិន ធ្វើឲ្យទេសចរមានការខ្លាចរអារ៕