ភ្នំពេញ ៖ ធនាគារពិភពលោក នឹងអនុម័តកញ្ចប់ថវិកាហិរញ្ញប្បទានសម្រាប់ផ្តល់ឲ្យប្រទេសកម្ពុជា ក្នុងទំហំទឹកប្រាក់ប្រមាណជា ១ ០០០លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍វិស័យសំខាន់នានា នៅក្នុងប្រទេសសម្រាប់រយ:ពេល ៥ឆ្នាំខាងមុខ (២០១៩ ដល់២០២៣)។ នេះបើយោងតាមសេចក្តី ប្រកាសមួយរបស់ក្រសួងសេដ្ឋកិច្ច ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មានរដ្ឋ AKP។
សេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើង រវាងគណៈប្រតិភូធនាគារពិភពលោក ក្នុងអំឡុងពេលកិច្ច ប្រជុំមួយជាមួយ ឯ.ឧ. វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩។
លោក វង្សី វិស្សុត ត្រូវបានដកស្រង់សម្ដីដោយ AKP យ៉ាងដូច្នេះថា «ទោះបីកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូរវាងកម្ពុជានិងធនាគារពិភពលោក ត្រូវជួបប្រទះបញ្ហានិងភាពរអាក់រអួលមួយរយៈក្តី តែភាពជាដៃគូនេះបានចាប់ផ្តើមស្តារឡើងវិញ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ នឹងកាន់តែល្អប្រសើរជាលំដាប់រហូតដល់បច្ចុប្បន្ន»។
ក្នុងជំនួបនេះដែរ គណៈប្រតិភូនៃក្រុមប្រឹក្សានាយកប្រតិបត្តិធនាគារពិភពលោក ក៏បានសម្ដែងនូវការកោតសរសើរចំពោះកម្ពុជា ដែលរក្សាបានកំណើនសេដ្ឋកិច្ចខ្ពស់ច្រើនឆ្នាំជាប់គ្នា ការកាត់បន្ថយភាពក្រីក្រ, គ្រប់គ្រងអត្រាអតិផរណាក្នុងកម្រិតទាប និងគ្រប់គ្រងបំណុលសាធារណៈបានល្អ។
គួររំលឹកថា យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គិតត្រឹមឆ្នាំ ២០១៨ ប្រទេសកម្ពុជាបានខ្ចី ប្រាក់ចំនួន ១.១៤១ ពាន់លានដុល្លារពីធនាគារពិភពលោក ។ ពេលកន្លងទៅនេះ ទំនាក់ទំនងរវាងធនាគារពិភពលោកនិងរដ្ឋាភិបាលកម្ពុជា មិនសូវជាល្អប៉ុន្មានទេ បន្ទាប់ពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយ បានចាក់ដីបំពេញបឹងកក់ ហើយមនុស្សរាប់ពាន់នាក់ ត្រូវបានផ្លាស់ប្តូរផ្ទះសម្បែង។ បន្ទាប់មក នៅឆ្នាំ២០១១ ធនាគារពិភពលោកបានប្រកាស ថា ខ្លួនបានបញ្ឈប់ការផ្តល់ប្រាក់កម្ចីដល់កម្ពុជា បន្ទាប់ពីមានរឿងបឹងកក់នោះមក។
ទោះបីជាយ៉ាងនេះក្តី លោក វង្សី វិស្សុត បានអះអាងថា «ទោះបីបច្ចុប្បន្នមានដៃគូ និងប្រទេសកាន់តែច្រើនចង់ឱ្យកម្ពុជាខ្ចីប្រាក់ក៏ដោយ តែកម្ពុជានឹងមិនខ្ចីនោះឡើយ ប្រសិនបើមិនចាំបាច់ និងមិនឆ្លើយតបនឹងតម្រូវការជាអាទិភាពរបស់កម្ពុជា»៕ ដោយ ៖ ថារ៉ូ