ខេត្តកណ្ដាល ៖ ស្ត្រីថៅកែហាងកែសម្ផសម្នាក់ បានធ្វើអត្តឃាត ដោយយកកាំភ្លើងរបស់ប្តីបាញ់ចំសៀតផ្កាសម្លាប់ខ្លួនឯងនៅក្នុងរថយន្ត បង្កឲ្យមានការភ្ញាក់ផ្អើលនៅចំណុចកំពង់ទឹកទន្លេភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល កាលពីវេលាម៉ោង ១៦ ៖ ៣០នាទីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។
ស្ដ្រីអត្តឃាតឈ្មោះ ណុប វណ្ណី អាយុ ៣៤ឆ្នាំ មុខរបរលក់ដូរ និងជាម្ចាស់ហាងថែសម្រស់ My Crush Fashion1 មានទីលំនៅភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល។
ចំណែកប្ដីឈ្មោះ អ៊ុក ជីវ៉ា អាយុ៤៣ឆ្នាំ មុខរបរនគរបាល ឋានៈនាយផ្នែកនគរបាលស៊ើបអង្កេតនីតិវិធី នៃនាយកដ្ឋានអន្តោរប្រវេសន៍មានទីលំនៅផ្ទះជាមួយគ្នា។
បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនអត្តឃាតបានទៅមុជទឹកជាមួយប្ដីនិងកូនចំនួន ៣នាក់ទៀត នៅទន្លេមេគង្គចំណុចកោះខ្សាច់។
លុះពេលងូតទឹកនោះ ស្ត្រីរូបនេះ មិនចុះងូតទឹកទេដោយនៅសំរាកក្នុងរថយន្តតែម្នាក់ឯង នៅពេលកើតហេតុខាងប្ដីបានឡើងមកពីងូតទឹកវិញ ក៏ឃើញប្រពន្ធបាញ់ខ្លួនឯងស្លាប់បាត់ទៅហើយ។
បន្ទាប់មកប្ដីក៏បានប្ដឹងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីចុះពិនិត្យ បើតាមការសន្និដ្ឋានទំនងជាបណ្តាលមកពីក្តីប្រចណ្ឌ៕