ភ្នំពេញ ៖ ព្រះករុណាព្រះមហាក្សត្រខ្មែរ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី២៣ ខែឧសភា គ.ស ២០១៩នេះ នឹងយាងទៅកាន់ប្រទេសបារាំង ដើម្បីធ្វើជាព្រះរាជធិបតីកិត្តិយសក្នុងពិធីអបអរសាទរខួប ២៥ឆ្នាំ នៃសកម្មភាពគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់អង្គរ ដែលហៅកាត់ថា ICC-Angkor។
យាង និងអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាថ្ងៃនាព្រឹកថ្ងៃទី២៣ ឧសភា នេះ មានថ្នាក់ដឹកនាំកំពូលៗនៃស្ថាប័នរបស់ជាតិ ដូចជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងព្រះញាតិវង្សជាច្រើនអង្គផ្សេងទៀត។
ព្រះមហាក្សត្រខ្មែរនឹងគង់ប្រថាប់នៅប្រទេសបារាំងរហូតដល់ថ្ងៃទី២៦ ខែឧសភា ទើបយាងនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញ។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ នឹងបំពេញភារកិច្ចផ្សេងៗជំនួសព្រះមហាក្សត្រខ្មែរក្នុងនាមជាប្រមុខរដ្ឋស្តីទីក្នុងកំលុងព្រះអវត្តមានរបស់ព្រះអង្គ។
សូមបញ្ជាក់ថា គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ហៅកាត់ថា ICC-Angkor ត្រូវបានបង្កើតឡើង នៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ១៩៩៣ ក្នុងគោលដៅអភិរក្ស និងអភិវឌ្ឍន៍អង្គរ បន្ទាប់ពីប្រាសាទជាមរតកដ៏មានតម្លៃរបស់បុព្វបុរសខ្មែរមួយនេះ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតកភណ្ឌមនុស្សជាតិរបស់អង្គការយូណេស្កូ ក្នុងកិច្ចប្រជុំនៅសាន់តាហ្វេ សហរដ្ឋអាមេរិក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។
ចាប់តាំងពីបង្កើតឡើងរហូតដល់ឆ្នាំ២០១៩ ICC Angkor មានសមាជិកមកពីប្រទេសចំនួន៣៧ ក្នុងទ្វីប ទាំង៥ និងមានអង្គការអន្តរជាតិដែលបំពេញបេសកកម្មលើវិស័យស្រាវជ្រាវ និងអភិរក្សមរតកវប្បធម៌ ចូលរួមចំនួន១៣ផ្សេងទៀតផងដែរ៕