ក្រសួងពីរប្រកាសឲ្យអនុវត្តន៍ការឧបត្ថម្ភថវិកាដល់ស្រ្ដីមានផ្ទៃពោះក្រីក្រ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 May, 2019 ក+ ក-

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល បានចេញប្រកាសរួមគ្នាមួយ ស្ដីពី ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ នៃគ្រួសារមាន បណ្ណសមធម៌ ឬបណ្ណអាទិភាព ដែលការអនុវត្តចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ តទៅ។ នេះបើតាមសេចក្តីប្រកាសដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និង ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះថ្ងៃទី២១ ខែឧសភា កន្លងទៅនេះ។

ប្រកាសរបស់ក្រសួងទាំង២ នេះ បានបញ្ជាក់ពីគោលបំណងថា នឹងកំណត់ការអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំនៃគ្រួសារដែលមានបណ្ណសមធម៌ ឬបណ្ណអាទិភាព សំដៅលើកកម្ពស់សុខមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះ អាហារូបត្ថម្ភរបស់កុមារ ក្នុងគ្រួសារក្រីក្រ ចាប់តាំងពីកូន ក្នុងផ្ទៃរហូតដល់អាយុ ២ឆ្នាំ ប្រយោជន៍ដើម្បីជំរុញការលូតលាស់ទាំងកាយសម្បទា បញ្ញា និងស្មារតី៕ ដោយ ៖ បូរិទ្ធ