ភ្នំពេញ៖ លោក ឈឹម ផលវរុណ អ្នកនាំ ពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា នៅថ្ងៃទី២០មិថុនាខាងមុខនេះ គណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សប្រជាជនកម្ពុជា នឹងធ្វើការបោះឆ្នោត ជាសម្ងាត់ ដើម្បីជ្រើសរើសប្រធានគណបក្សប្រជាជនកម្ពុជា និងអនុប្រធាន ដែលក្នុងនោះ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខជនតែម្នាក់គត់ សម្រាប់ធ្វើជាប្រធានគណបក្សប្រជាជនកម្ពុជា។
តាមប្រភព FPM បានផ្សាយថា ការបោះឆ្នោតជ្រើសតាំងប្រធានគណបក្សប្រជាជនកម្ពុជា និងអនុប្រធាន នាថ្ងៃទី២០មិថុនាខាងមុខនេះ គឺធ្វើឡើង បន្ទាប់ពីសម្តេច ជា ស៊ីម បានទទួលមរណភាព កាលពីថ្ងៃទី០៨មិថុនា។ រីឯអនុប្រធានគណបក្សជាជនកម្ពុជា ជំនួសសម្តេច ហ៊ុន សែន វិញ មិនមានប្រភពបញ្ជាក់ច្បាស់ថាជាឥស្សរជនណាមួយនោះទេនៅឡើយទេ។
លោក ឈឹម ផលវរុណ អះអាងថា ឥស្សរជនសម្រាប់តំណែងអនុប្រធានគណបក្សនោះ គឺធ្លាប់មានប្រវត្តិតស៊ូ ចាប់តាំងពីគ្រាដំបូងជាមួយ សម្តេច ហេង សំរិន សម្តេចជា ស៊ីម និងសម្តេចតេជោ ហ៊ុន សែន នៅក្នុងការផ្តួលរលំរបបប្រល័យពូជ សាសន៍ខ្មែរក្រហមចាប់តាំងពីចុងឆ្នាំ១៩៧៨។
ក្រុមអ្នកវិភាគបានទស្សន៍ទាយថា សម្រាប់តំណែងអនុប្រធានគណបក្ស អាចជាសម្តេចក្រឡាហោម ស ខេង ព្រោះជាឥស្សរជនលេចធ្លោ ធ្លាប់មានប្រវត្តិតស៊ូដូចខាងលើ ហើយត្រូវ ជាប្អូនថ្លៃ សម្តេច ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា និងអតីតជាប្រធានព្រឹទ្ធសភា ឬក៏អាចជាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ទំនងជាទទួលបានតំណែងមួយនេះដែរ ដោយសារលោកជាអគ្គលេខាគណបក្សប្រជាជនកម្ពុជា និងធ្លាប់មានប្រវត្តិតស៊ូដូចខាងលើនេះដែរ ហើយម្យ៉ាងសម្តេចវិបុលសេនាភក្តី ទើបជាប់ឆ្នោតជាប្រធានព្រឹទ្ធសភាទៀតផង។
ទោះជាយ៉ាងណា មិនប្រាកដថាតើឥស្សរជនណាមួយ នឺងក្លាយជាអនុប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥ ខាងមុខនេះនោះទេ៕