ទៀតហើយ បុរសចិនម្នាក់ត្រូវឃាត់ខ្លួនខណៈនាំលុយជិត ៩០ម៉ឺនដុល្លារចូលកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 May, 2019 ក+ ក-

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ត្រូវបានឃាត់ខ្លូនបន្ទាប់ពីសមត្ថកិច្ចរកឃើញថា បាននាំយកសាច់ប្រាក់ជិត ៩០ម៉ឺនដុល្លារចូលមកកម្ពុជាតាមច្រកអន្តរជាតិភ្នំពេញ ដោយខុសច្បាប់។

ព័ត៌មានដែលទទួលបានពីសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង ១៥ ៖ ១០ នាទីរសៀល ថ្ងៃទី២៩ ខែឧសភា នេះ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានផ្អាកដំណើរជនជាតិចិនចំនួន ម្នាក់ ឈ្មោះ LIAO JINGQING កើតថ្ងៃទី១៦/១១/១៩៧១ កាន់លិខិត ឆ្លងដែនលេខ EG0115690 ពាក់ព័ន្ធករណីនាំប្រាក់ចំនួន ៨៥៥.០០០ ដុល្លាអាមេរិក ពីទីក្រុងហុងកុង ចូលមកប្រទេសកម្ពុជា។

ប្រភពដដែលបន្តថា តាមការសាកសួរបឋម ជនសង្ស័យបានសារភាព ថា
រូបគេបានចូលមកកម្ពុជាចំនួន២លើក ក្នុងនោះលើកទី១ កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៩ និងលើកចុងក្រោយ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ជាថ្ងៃដែលត្រួវសមត្ថកិច្ចឃាត់ខ្លួន។នៅប្រទេសចិន បុរសរូបនេះធ្វើការផ្នែកដេគ័រ សណ្ឋាគារ ហើយការនាំប្រាក់មកកម្ពុជា គឺដើម្បីវិនិយោគលើផ្នែកដេគ័រ ជាមួយប្អូនជីដូនមួយម្នាក់ឈ្មោះ LIAO YUPENG ប៉ុន្តែមិនស្គាល់ឈ្មោះក្រុមហ៊ុននោះទេ។ ប្រាក់ខាងលើ គេបានបើកពីធនាគារមួយឈ្មោះ ឡុង យៀក ក្នុងទីក្រុងហុងកុង សម្រាប់នាំយកមកកម្ពុជា។

ប្រភដដែលបន្តថា វត្ថុតាងរួមមាន ៖

+លិខិតឆ្លងដែនចិនចំនួន១ក្បាល
+ប្រាក់ចំនួន៨៥៥,០០០ដុល្លា (៧២ដុំ)
+ទូរស័ព្ទដៃចំនួន០១គ្រឿង
+កាបូបធំចំនួន០២។

បច្ចុប្បន្ន បុរសជនជាតិចិន រូបនេះ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន
នៅ «ន៧» ដើម្បីសាកសួរ និងអនុវត្តនីតិវិធីបន្តទៀត។ ចំណែកវត្ថុតាង ត្រូវបានសមត្ថកិច្ចរក្សាទុកនៅទីតាំងជាមួយគ្នា ដោយមានបិទស៊ីលដែលមានចុះហត្ថលេខាពីសមាសភាពចម្រុះ និងដាក់កម្លាំងការពារ ២៤ម៉ោង លើ២៤ម៉ោង។

គួររំលឹកថា នេះជាលើកទី២ហើយ ដែលលើកទី១ បានកើតឡើងកាលពីខែមុន ជាករណីស្រដៀងគ្នានេះដែរ គឺបុរសជនជាតិ៣នាក់ត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីសមត្ថកិច្ចបានរកឃើញថា ពួកគេបាននាំយកលុយជាង ៣លានដុល្លារដែលគ្មានប្រភពច្បាស់លាស់ចូលកម្ពុជាដោយខុសច្បាប់៕