ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់មានកម្មការិនីបម្រើការនៅរោងចក្រ យូលី ប្រមាណ ៦០នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ កាលពីវេលាម៉ោង ៧៖០០ ព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នេះ នៅភូមិលាប ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
គ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឡើងដោយរថយន្តស្ទូច ១គ្រឿងពាក់ស្លាកលេខភ្នំពេញ 3E-6026 រថយន្តហាយលែនឌ័រ ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AR.9861 និងរថយន្តសាំយ៉ុង២គ្រឿង ដែលដឹកកម្មករទី១ពាក់ស្លាកលេខភ្នំពេញ 2Q.4946 និងទី២ ពាក់ស្លាកលេខកំពង់ស្ពឺ 2A.3239 ដែលបុកបន្ដកន្ទុយគ្នា។
ប្រភពពីកន្លែងកើតហេតុឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តស្ទូច១គ្រឿង បើកឡើងមកលើផ្លូវជាតិ ដោយមិនមានអ្នកធ្វើចរាចរណ៍ ស្របពេលនោះ រថយន្តហាយលែនឌ័រ និងរថយន្តសាំយ៉ុងដឹកកម្មករ២គ្រឿងទៀត បើកមកវៈអឺនឹងរថយន្តស្ទូច ហើយក៏បុកបន្តកន្ទុយគ្នាតែម្ដង។
សូមបញ្ជាក់ថា កម្មការិនីរងគ្រោះទាំងអស់ ត្រូវបានបញ្ជូនទៅសង្គ្រោះ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ជីភូ និងមន្ទីរពេទ្យនៅទីរួមខេត្តស្វាយរៀង ៕ ដោយ ៖ សុផល