​ក្រុមបុរសចិនឈ្លោះចាក់គ្នាផ្អើលប៉ូលីសខ្មែរ ម្នាក់ចូលពេទ្យ ២នាក់ចូលប៉ុស្តិ៍ខណ្ឌចំការមន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 June, 2019 ក+ ក-

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ បានរងរបួសសន្លប់ដេកដួលក្នុងថ្លុកឈាម ក្រោយពេលជនជាតិចិន ៣នាក់ព្រួតគ្នាចាក់ចំនួន៣កាំបិត ដោយសារដើរប៉ះគ្នារួចជេរឌឺដងបង្កទៅជាជម្លោះ ចំណែកក្រុមជនដៃដល់២នាក់ក្នុងចំណោមគ្នីគ្នា៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់។

ហេតុការណ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅក្បែររបងស្ថានទូតចិន ផ្លូវម៉ៅសេងទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឱ្យដឹងថាមុនពេលកើតជនរងគ្រោះ និងក្រុមជនដៃដល់ បានដើរប៉ះគ្នា ខណៈនោះជនរងគ្រោះ បានជេរទៅលើជនសង្ស័យ ដែលមានគ្នា៣នាក់ ទើបក្រុមជនសង្ស័យបានដកកាំបិតចុងស្រួចចាក់ ទៅលើជនរងគ្រោះចំនួន៣កាំបិត បណ្តាលអោយដេកដួលក្នុងថ្លុកឈាមសន្លប់បាត់ស្មារតីតែម្តង ហើយភ្លាមៗនោះ ត្រូវបានគេជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ី ដើម្បីធ្វើការសង្រ្គោះបន្ទាន់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលខណ្ឌចំការមន បានដេញស្ទាក់ឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់ ទី១ ៖ ឈ្មោះ HANG DONG ភេទប្រុស អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅខេត្តឆាំងស៊ូ ប្រទេសចិននិងជនសង្ស័យទី២ ៖ ឈ្មោះ YAN XIAO ភេទប្រុស អាយុ៣៧ឆ្នាំ មានស្រុកកំណើត នៅខេត្តឆាំងស៊ូ ប្រទេសចិន ពួកគេទាំង២នាក់ទើបតែចូលមកស្នាក់នៅប្រទេសកម្ពុជា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ដែលជួលខុនដូ យីហោ១១២ នៅជិតកន្លែងកើតហេតុ។

ចំណែកបក្ខពួកម្នាក់ទៀត ដែលកំពុងតែរត់គេចខ្លួន ត្រូវសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ដើម្បីឃាត់ខ្លួនយកមកផ្តន្ទាទោសនៅពេលក្រោយ។

បច្ចប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌចំការមន ដើម្បីឃុំខ្លួនបណ្តោះអាសន្ន និងចាត់ការទៅតាមនីតិវិធី៕ ដោយ ៖ ស.ស.