ភ្នំពេញ ៖ កម្ពុជា បានប្រកាសគាំទ្របេក្ខភាព ទីម័រខាងកើត (ទីម័រឡេស្តេ) ចូលជាសមាជិកសមាគមនៃប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន(ASEAN) ដែលនឹងរៀបចំនៅចុងឆ្នាំនេះ ។ នេះបើតាមការបញ្ជាក់របស់ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
បើតាមលោក អ៊ាង សុផល្លែត បានឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាគាំទ្រប្រទេសទីម័រឡេស្តេ ឲ្យចូលជាសមាជិករបស់អាស៊ាន ដោយសារសម្តេចយល់ឃើញថា ទីម័រមានសមត្ថភាពគ្រប់គ្រាន់ក្នុងការក្លាយជាសមាជិកអង្គការតំបន់មួយនេះ។ ការប្រកាសគាំទ្រទីម័រនេះ ធ្វើឡើងនៅក្នុងជំនួបទ្វេភាគីជាមួយ រដ្ឋមន្ត្រីក្រសួងការ បរទេស និង សហប្រតិបត្តិការនៃសាធារណេដ្ឋប្រជាធិបតេយ្យទីម័រខាងកើត លោក ឌីយូនីស្យូ ដាកូស្តា បាបូ ស័តរ៉េស(Dionisio da Costa Babo Soares) នៅវិមានសន្តិភាព។
លោក អ៊ាង សុផល្លែត បានបញ្ជាក់ឲ្យដឹងនៅក្រោយជំនួបថា ទាំងរដ្ឋាភិបាលទីម័រឡេស្តេ និងប្រជាជនទីម័រ សុទ្ធតែបានចាត់ទុកប្រទេសកម្ពុជា ជាបងប្អូនរបស់ខ្លួន ពិសេសទីម័រ អរគុណនិងគោរពចំពោះសម្ដេចតេជោ ហ៊ុន សែនដែលបានគាំទ្រចំពោះរដ្ឋាភិបាលក៏ដូចជាប្រទេសទីមរខាងកើតនាពេលកន្លងមក។ លោកបន្តថា ទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជានៅពេលនេះ គឺក្នុងគោលបំណងពង្រឹងនូវកិច្ចសហប្រតិបត្តិការ និងមិត្តភាពឲ្យកាន់តែប្រសើររវាងប្រទេសទាំងពីរ កម្ពុជានិងទីម័រខាងកើត ។
លោកបន្តថា សម្ដេចតេជោ សង្កេតឃើញថា ប្រទេសទីម័រលឡេស្តេ បានរៀបចំនូវខ្លួនយ៉ាងល្អក្នុងការចូលជាសមាជិកអាស៊ាន ទាំងការរៀបចំឲ្យមានស្ថានទូតទាំងនៅគ្រប់ប្រទេសទាំងអស់នៅក្នុងអាស៊ាន ក៏ដូចជាសមត្ថភាពរបស់មន្ត្រីរាជការរបស់ទីម័រខាងកើត និងសមត្ថភាពនៃការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេសទីម័រ។
សូមជម្រាបថា ប្រទេស ទីម័រខាងកើត មានប្រជាពលរដ្ឋចំនួនជាង ១ លាននាក់ ហើយបានប្រកាស ជារដ្ឋ ឯករាជ្យពីការគ្រប់គ្រងដោយប្រទេស ឥណ្ឌូណេស៊ី កាលពីឆ្នាំ២០០២ កន្លងទៅ គឺបានទទួលស្គាល់ដោយ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក កូហ្វី អាណាន់ (Kofi Annan) ផងដែរ។
គួររំឭកថា បច្ចុប្បន្ន អាស៊ានមានសមាជិកចំនួន១០ប្រទេស ហើយកំពុងមានកំណើតសេដ្ឋកិច្ច គួរឱ្យកត់សម្គាល់។ ប្រទសកម្ពុជា ត្រូវបានចាត់ទុកថា ស្ថិតនៅក្នុងក្រុមអាស៊ានថ្មី ជាមួយនឹងប្រទេសឡាវ វៀតណាម និងមីយ៉ាន់ម៉ា ដែលចូលជាសមាជិកអាស៊ានក្រោយឆ្នាំ១៩៩០។ កម្ពុជាបានចូលជាសមាជិកអាស៊ាន ក្រោយគេ និងជាសមាជិកទី១០ នៅថ្ងៃ ទី ៣០ ខែ មេសា ឆ្នាំ ១៩៩៩ ហើយឆ្នាំ២០១៩នេះ ក៏ជាខួប២០ឆ្នាំ នៃការចូលជាសមាជិកអាស៊ានផងដែរ៕ ដោយ ៖ នរិន្ទ្រ