បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពីធីអបអរសាទរ ទិវាសប្តាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកលេីកទី១២ រួមគ្នាគាំទ្រ ការរឹតបន្តឹងអនុវត្តន៍ច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមនឹងមានការចូលរួមពីមន្ត្រីរាជការ សមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋ សិស្ស-និស្សិត បានចូលរួម ដែលប្រព្រឹត្តនៅបរិវេនសួនមានជ័យ ក្រុងសិរីសោភ័ណ នាថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០១៩ ។
ក្នុងឱកាសនោះ លោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានផ្តល់នូវអនុសាសន៍ មួយចំនួនដូចជា ៖ ១/ត្រូវពាក់មួកសុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត ។ ២/ មិនត្រូវបើកបរលើសល្បឿនកំណត់ដាច់ខាត ។ ៣/ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត ។ ៤/ ត្រូវគោរពសិទ្ធិអាទិភាពគោរពសញ្ញាចរាចរណ៍និងប្រកាន់ស្ដាំជានិច្ច ។ ៥/ ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរទៅតាមរថយន្ត។ ៦/ មិនត្រូវបត់ ឬជែងក្នុងភាពប្រថុយប្រថាន ឬប្រើទូរសព្ទក្នុងដោយគ្មានឧបករណ៍ភ្ជាប់សម្លេងទំនាក់ទំនងឡេីយ។ ៧/ ត្រូវពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ចពិសេសពិនិត្យមើលកង់ ចង្កូត ហ្វ្រាំង និងភ្លើងបំភ្លឺ-ល- មុនពេលចេញធ្វេីដំណេីរ ។ ៨/ សូមកុំផ្ទុកអ្នកដំណើរឬទំនិញលើសច្បាប់កំណត់ ចំពោះរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកកម្មករ មិនត្រូវផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងសូមមេត្តាកុំដំឡើងថ្លៃធ្វើដំណើរ។ ៩/ មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត។ ១០/ ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ចប្រកបដោយសីលធម៌យោគយល់អធ្យាស្រ័យគ្នា។ ជាមួយគ្នានោះឯកឧត្តម អភិបាលខេត្តក៏បានជម្រុញដល់ក្មួយគរុកសិស្ស និស្សិត សិស្សានុសិស្ស ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានទាំអងស់គ្នា និងត្រូវចូលរួមអប់រំ ផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ ទៅដល់មិត្តភត្កិ បងប្អូន តាមសាលារៀន សហគមន៍ ឲ្យបានយល់ច្បាស់ពីច្បាប់ចរាចរណ៍ផ្លូវគោក ដេីម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចណ៍ដែលកេីតមាននៅក្នុងប្រទេសកម្ពុជា ពិសេសអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា “ថ្ងៃ នេះ ថ្ងៃស្អែក សូមកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ” ។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគបាលខេត្តបានបង្ហាញថា ៖ ក្នុងឆមាសទី១ ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍កេីតមានទូទាំងខេត្តបន្ទាយមានជ័យកើតឡើងមានចំនួន ១០១លើក ក្នុងនោះរួមមាន៖ គ្រោះថ្នាក់ប្រភេទធ្ងន់ចំនួន៩៥ករណី , គ្រោះថ្នាក់ប្រភេទស្រាលចំនួន០៦ករណី បណ្ដាលឲ្យមនុស្សស្លាប់៦៣នាក់/ស្រី ១៤នាក់ ,របួសធ្ងន់ចំនួន៩៣នាក់/ស្រី២០នាក់ ,របួសស្រាលចំនួន៥៧នាក់/ស្រី១១នាក់ ។
សរុបគ្រោះថ្នាក់ចរាចរណ៍ចំនួន ២១៣នាក់ ដោយក្នុងនោះមិនមានមួកសុវត្ថិភាព និងមិនពាក់ខ្សែក្រវាត់ចំនួន៩០នាក់ ។ ចំពោះ ករណីដែលបង្កឲ្យកេីតមានគ្រោះចរាចរណ៍ភាគច្រេីនបង្កឡេីងដោយកត្តាមនុស្ស ៩៨/១០១ករណី ។ ករណី ដែលគ្រោះថ្នាក់ច្រេីនជាងគេគួឲ្យកត់សំគាល់មាន បេីកបរលេីសល្បឿនកំណត់ (ល្បឿនលឿន ) ,បេីកបរក្នុងស្ថានភាពស្រវឹង, បេីកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងមិនគោរពច្បាប់ ៕ ដោយ ៖ ស.រ.