ខេត្តត្បូងឃ្មុំ ៖ ផ្ទះប្រជាពលរដ្ឋទំហំ៩ម៉ែត្រគុណ១០ម៉ែត្រ មាន៣ច្រក សាងសង់ពីថ្ម ប្រក់ដែកស័ង្កសី (ផ្ទះលក់ឥវ៉ាន់ចាប់ហួយ) ត្រូវបានអគ្គិភ័យភ្លើងឆេះបំផ្លាញបណ្តាលអោយខូចខាតទ្រព្យសម្ភារៈសរុបជាទឹកប្រាក់ប្រមាណ ៣ម៉ឺនដុល្លារ ។
នគរបាលស្រុកក្រូចឆ្មារ អោយដឹងថា ករណីអគ្គិភ័យនេះ កើតឡើងនៅយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៩នាទី ឋិតនៅភូមិតាប៉ាវ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ។
ម្ចាស់ផ្ទះឈ្មោះ សេង ស្រីភាព ភេទស្រី អាយុ ២៥ឆ្នាំ ផ្ទះមានទំហំ ៩គុណ ១០ម៉ែត្រ មាន ៣ច្រក សង់ពីថ្ម ប្រក់ដែកស័ង្កសី(ផ្ទះលក់ឥវ៉ាន់ចាប់ហួយ) ខូចខាតសរុបជាទឹកប្រាក់ប្រមាណ ៣០.០០០ ដុល្លារ ប៉ុន្តែករណីនេះមិនបណ្ដាលអោយគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ ។ ចំពោះមូលហេតុបណ្តាលមកពីទុស្សេខ្សែភ្លើង ខណៈម្ចាស់ផ្ទះមិននៅ ។
កិច្ចសហប្រតិបត្តិការនេះចូលរួមអន្តរាគមន៍ពីកម្លាំងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំព្រមទាំងបណ្តាស្រុក ១ចំនួន ដូចជា អធិការដ្ឋានក្រុងសួង ត្បូងឃ្មុំ អូរាំងឪ ធ្វើការបាញ់ទឹកពន្លត់រលត់ទប់ស្កាត់មិនអោយរាលដាល និងរលត់ទាំង ស្រុងនៅវេលាម៉ោង ១០និង១០នាទី ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង និងទឹកចំនួន ៧ឡាន ដោយមានការផ្ដល់កន្លែងយកទឹកពីក្រុមហ៊ុនចំការកៅស៊ូ តាប៉ាវ ។
អាជ្ញាធរមានសមត្ថកិច្ចខេត្តបានក្រើនរំឭកឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះករណីអគ្គិភ័យនេះផងដែរ ពិសេសប្រុងប្រយ័ត្នបញ្ហាប្រព័ន្ធខ្សែភ្លើងចាស់ៗនៅក្នុងផ្ទះ ដែលបណ្តាអោយឆ្លងចរន្តទុស្សេក្លាយជារឿងអគ្គិភ័យពេលយើងមិននៅផ្ទះ៕ ដោយ ៖ សុផល