ភ្នំពេញ ៖ ក្រុមអ្នកសារព័ត៌មានប្រមាណ១០នាក់ដែលរងបណ្តឹងរបស់លោក យី ថុល ប្រធានសាខាគយច្រកព្រែកចាក ដោយចោទថា បានជេរប្រមាថ និងជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញការងារមន្រ្តីរាជការសាធារណៈនោះ បានព្រមានប្តឹងបកលើលោក យី ថុល ទៅអង្គភាពប្រឆាំងអំពើពុករលួយ។
សូមជម្រាបថា កាលពីចុងខែឧសភា នេះ ក្នុងវីដេអូឃ្លីបមួយ ដែលបានចែកចាយលើបណ្តាញសង្គមហ្វេសប៊ុកតៗគ្នា បានបង្ហាញពីសកម្មភាពមន្ត្រីគយម្នាក់ បានប៉ះទង្គិចគ្នាជាមួយអ្នកកាសែតមួយក្រុមដែលក្នុងនោះអ្នកកាសែតម្នាក់ បានរុញច្រានមន្រ្តីគយម្នាក់ដោយអះអាងថា មន្រ្តីគយនោះ បានដកហូតទូរស័ព្ទពីអ្នកកាសែត ដែលកំពុងថតសកម្មភាព នៃការដឹកទំនិញឆ្លងដែនពីប្រទេសវៀតណាមចូលមកកម្ពុជា។
អ្នកយកព័ត៌មានប្រមាណ១០នាក់នោះ រួមមានលោក ហ៊ុន សុខា ជាប្រធានសារព័ត៌មាននៃក្លឹបអ្នកកាសែតឯករាជ្យ និងជានាយកការផ្សាយព័ត៌មានប្រជាជនកម្ពុជា (CPNTV) លោក ចន យូដេត លោក ស៊ាង ប៊ុនសុង លោក ទុំ ឆោម លោក ប៉ែន រ៉ា លោក កែវ សុផាត លោក ជី ពេជ្រ លោក អ៊ុត ប៊ុនធឿន និងបក្ខពួកផ្សេងទៀត ត្រូវបានប្រធានការិយាល័យគយនៅច្រកព្រែកចាក លោក យី ថុល ប្តឹងទៅសាលាដំបូងខេត្តកំពតកាលពីថ្ងៃទី៣ ខែមិថុនា ដោយចោទថា«ជេរប្រមាថចំពោះអ្នករាជការសាធារណៈ និងជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈរបស់មន្រ្តីរដ្ឋ»។ នេះបើតាមការចុះផ្សាយរបស់សាព័ត៌មានក្នុងស្រុក។
លោក ហ៊ុន សុខា ប្រធានសារព័ត៌មាននៃក្លឹបអ្នកកាសែតឯករាជ្យ និងជានាយកការផ្សាយព័ត៌មានប្រជាជនកម្ពុជា (CPNTV) បញ្ជាក់ថា លោកនឹងចូលបំភ្លឺ ប្រសិនបើមានការកោះហៅពីតុលាការ។ ប៉ុន្តែលោកថា ក្រុមរបស់លោកនឹងរៀបចំបណ្តឹងបកលើប្រធានការិយាល័យគយនៅច្រកព្រែកចាក លោក យី ថុល ទៅអង្គភាពប្រឆាំងពំពើពុករលួយ( ACU) និងរដ្ឋាភិបាល ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយ ។ លោកថា បន្ទាប់មក លោកនឹងធ្វើសន្និសីទកាសែតដើម្បីវែកញែកលាតត្រដាងរឿងនេះឲ្យអស់ ព្រោះរឿងនេះ ជារឿងប្រទេសជាតិ។
មេគង្គប៉ុស្តិ៍ មិនទាន់អាចសុំការពន្យល់ឆ្លើយតបពីលោក យី ថុល ប្រធានការិយាល័យគយនៅច្រកព្រែកចាក ពាក់ព័ន្ធនឹងករណីនេះបាននៅឡើយទេ នៅរសៀលថ្ងៃទី៤ ខែមិថុនា នេះ៕