ភ្នំពេញ ៖ ស្ថានទូតម៉ាឡេស៊ី ប្រចាំកម្ពុជា បានរៀបចំនូវពិធីបុណ្យចូលឆ្នាំរបស់ខ្លួន ដែលហៅថា ហារី រ៉ាយ៉ា (Hari Raya) ដែលពិធីនេះ ត្រូវបានធ្វើឡើងដើម្បីអបអរ បន្ទាប់ពីសាសនិកអ៊ិស្លាមតមអាហារអស់រយៈពេលមួយខែ ក្នុងរដូវកាលនៃបុណ្យ រ៉ាម៉ាដាន ។
លោក Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា អត្ថន័យនៃពិធីបុណ្យ Hari Raya គឺជាការប្រារព្ធរួមគ្នារវាងជនជាតិទាំងអស់នៅក្នុងប្រទេសម៉ាឡេស៊ី បន្ទាប់ពីពួកគេបញ្ចប់កម្មវិធីបួស តមអាហាររយៈពេលមួយខែ ចាប់ពីព្រះអាទិត្យរះ ដល់ព្រះអាទិត្យលិច ។ បន្ទាប់ពីនេះចប់ គឺគ្រប់ជនជាតិទាំងអស់នៅប្រទេសម៉ាឡេស៊ី នឹងប្រារព្ធរួមគ្នាមិនថាជនជាតិម៉ាឡេស៊ី ឥណ្ឌា ឬចិនឡើយ ។
លោកបន្តថា ពិធីបុណ្យ Hari Raya មិនមែនធ្វើតែក្នុងប្រទេសម៉ាឡេស៊ីនោះទេ គឺនៅគ្រប់ស្ថានទូតទាំងអស់នៅតាមបណ្ដាប្រទេសនានាលើពិភពលោក នឹងប្រារព្ធពិធីនេះដូចគ្នា ខុសតែថ្ងៃគ្នាប៉ុណ្ណោះ ជាក់ស្ដែងសម្រាប់ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានធ្វើឡើងនៅថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៩ ដែលជាថ្ងៃទី១ នៃថ្ងៃចូលឆ្នាំ របស់ម៉ាឡេស៊ី ហើយស្ថានទូតនៅតាមប្រទេសផ្សេងទៀតគេប្រារព្ធនៅថ្ងៃ បន្តបន្ទាប់ ដូចជាក្រោយចូលឆ្នាំ២ថ្ងៃឬ៣ថ្ងៃ ទៅតាមការកំណត់របស់ទូតនីមួយៗ។
លោកបន្ថែមថា នៅក្នុងពិធីបុណ្យមួយនេះ នឹងទទួលបានជោគជ័យខ្ពស់ និងមានការគាំទ្រពី អ្នកចូលរួមដែលត្រូវបានអញ្ជើញផងដែរ ហើយនៅឆ្នាំបន្តបន្ទាប់ទៀត ស្ថានទូតនឹងនាំមកនូវអ្វីដែលថ្មី ប្លែកៗ ផ្ដល់ជូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា ដើម្បីអោយបានយល់ដឹងបន្ថែម ពីប្រទេសម៉ាឡេសស៊ី ដូចជា វប្បធម៌ ប្រពៃណី ម្ហូបអាហារម៉ាឡេស៊ីជាដើម ។
ពិធីបុណ្យ Hari Raya គឺជាឱកាសដ៏សំខាន់មួយ នៅក្នុងប្រតិទិនអ៊ីស្លាម ដែលបានប្រារព្ធដោយសាសនិក អ៊ីស្លាមទូទាំងពិភពលោក ,វាជាថ្ងៃបញ្ចប់នៃខែបួស ហៅថារ៉ាម៉ាដាន ។ ក្នុងអំឡុងបុណ្យរ៉ាម៉ានដាន សាសនិកអ៊ីស្លាមទូទាំងពិភពលោក ត្រូវតែតមអាហារ ក្នុងពេលថ្ងៃ គឺជាប់ពីព្រះអាទិត្យរះ ដល់ព្រះអាទិត្យលិច ក្នុងរយៈពេល៣០ថ្ងៃ ។
សាសនិកអ៊ីស្លាម ប្រើប្រតិទិនច័ន្ទគតិ ដើម្បីកំណត់ថ្ងៃសំខាន់ៗដូចជា Ramadan និងSyawal ដែលកើតឡើងក្នុងខែផ្សេងគ្នា ក្នុងប្រតិទិនគ្រីគូរៀន ជារៀងរាល់ឆ្នាំ ។ នៅក្នុងខែ Syawal សាសនិកអ៊ីស្លាមភាគច្រើន បើកទ្វារផ្ទះរបស់ពួកគេ ទទួលស្វាគមន៍មនុស្សគ្រប់គ្នា ដោយមិនគិតពីជាតិសាសន៍ វប្បធម៌ និងតួនាទីឡើយ ដើម្បីចូលរួមសប្បាយរីករាយទាំងអស់គ្នា ។
គួរបញ្ជាក់ថានៅក្នុងឱកាសនោះដែរ ក៏មានយាងនិងចូលរួមពីឥស្សរជនកម្ពុជា ជាច្រើន ដូចជាអ្នកអង្គម្ចាស់នរោត្តម អារុណ្យរស្មី លោកឧកញ៉ា និងអ្នកជំនួញល្បីៗជាច្រើននៅក្នុងប្រទេសកម្ពុជាផងដែរ ៕ ( រូបតំណាង)