ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ នេះ បន្ទាប់ពីទទួលបានព័ត៌មានអំពីគ្រោះមហន្តរាយធម្មជាតិខ្យល់កន្រ្តាក់ ដែលធ្វើឲ្យផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋចំនួន ១៩គ្រួសារ នៅក្នុងភូមិខ្នា ឃុំស្ដើងជ័យ ស្រុកជើងព្រៃ រងការបំផ្លិចបំផ្លាញ ធ្វើឲ្យរលំ និងប៉ើងដំបូលផ្ទះ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្រ្តមណ្ឌលកំពង់ចាម សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម បានអញ្ជើញនាំយកនូវអំណោយសង្រ្គោះបន្ទាន់ ជាស្បៀង និងថវិកា ទៅប្រគល់ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំង ១៩គ្រួសារខាងលើ ដើម្បីចូលរួមជួយដោះស្រាយការលំបាក។
ស្ថិតក្នុងឱកាសនោះ លោក ម៉ា ឈឿន បានចូលរួមសោកស្តាយ ជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំង ១៩គ្រួសារ និងបាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ និងការចូលរួមសោកស្តាយពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់។
ទន្ទឹមនេះ ឯកឧត្តម តំណាងរាស្រ្ត ម៉ា ឈឿន បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋថា ដោយសារ ឆ្នាំនេះ ប្រទេសកម្ពុជា បានទទួលរងនូវឥទ្ធិពល អ៊ែល នីណូ ទើបធ្វើឲ្យស្ថានភាពអាកាសធាតុ មានការប្រែប្រូលខ្លាំង ដោយមានទាំងគ្រោះរាំងស្ងូត ហើយនៅពេលមានភ្លៀវធ្លាក់ តែងតែកើតមាននូវបាតុភូតផ្គររន្ទះនិងខ្យល់កន្រ្តាក់ដែលរហូតមកដល់ពេលនេះ បានបំផ្លិចបំផ្លាញ ផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋនៅតាមរាជធានី-ខេត្តមួយចំនួន អស់រាប់ពាន់ខ្នងផ្ទះ។ ក្នុងន័យនេះ ដោយយោងទៅលើស្ថានភាពអាកាសធាតុដូចនេះ លោក ម៉ា ឈឿន បានយកឱកាសនោះ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមាន ការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូទផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ នៅពេលដែលមេឃភ្លៀងម្តងៗ ដើម្បីជៀងវាសនូវការទទួលរងនូវគ្រោះថ្នាក់ផ្សេងៗ កើតឡើងចំពោះគ្រួសារជាយថាហេតុ។
ដោយឡែកចំពោះអាជ្ញាធរ ដែនដី និងកងកម្លាំងប្រដាប់អាវុធទាំងអស់ នៃស្រុកជើងព្រៃ ត្រូវយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ពិសេសត្រូវចុះជួយសង្រ្គោះប្រជាពលរដ្ឋឲ្យទាន់ពេលវេលា តាមលទ្ធភាពរបស់ខ្លូន ដោយមិនត្រូវទុកប្រជាពលរដ្ឋរងគ្រោះចោល ដោយមិនបានគិតគួរនោះឡើយ។ ក្រៅពីនេះ ក៏ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លូន តាមរយៈការអនុវត្តន៍ដោយយកចិត្តទុកដាក់ខ្ពស់ និងឲ្យមានប្រសិទ្ធភាពនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីផ្តល់ភាពកក់ក្តៅជូនបងប្អូនប្រជាពលរដ្ឋ។
សូមជម្រាបថា បងប្អូនប្រជាពលរដ្ឋរងគ្រោះទាំង ១៩គ្រួសារខាងលើ ត្រូវបាន ឯកឧត្តម តំណាងរាស្រ្ត ម៉ា ឈឿន បានឧបត្ថម្ភក្នុងមួយគ្រួសារនូវគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកាចំនួន ១០ម៉ឺនរៀល។ ដោយឡែកគ្រួសារមួយ ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ បានទទួលកៅស៊ូតង់មួយដុំ និងថវិកា ៥០ម៉ឺនរៀល ដោយ លោក ម៉ា ឈឿន បានបញ្ជាក់ថា អំណោយសង្រ្គោះបន្ទាន់នេះ គ្រាន់តែជាការចូលរួមសម្រូលការលំបាករបស់ បងប្អូនបានមួយគ្រាប៉ុណ្ណោះ ដូច្នេះ បងប្អូនប្រជាពលរដ្ឋ ត្រូវខិតខំបង្កបង្កើនផល តាមរយៈ ការដំាដំណាំ និងប្រកបរបរផ្សេងៗទៀត ដើម្បីចូលរួមលើកស្ទួយសេដ្ឋកិច្ចក្នុងគ្រួសារ។
សូមរំលឹកថា កាលពីវេលាម៉ោង ១៨ និង២០នាទី ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ ខ្យល់កន្ត្រាក់ បានបោកបក់យ៉ាងខ្លាំង បណ្ដាលឲ្យប៉ះពាល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន ១៩ខ្នងផ្ទះ នៅភូមិខ្នា ឃុំស្ដើងជ័យ ស្រុកជើងព្រៃ រងការបំផ្លិចបំផ្លាញ់ ធ្វើឲ្យរលំនិងប៉ើងដំបូលផ្ទះ តែមិនបង្កឲ្យរបួសឆ្នាម និងប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋណាម្នាក់នោះទេ៕ ដោយ សុផល