ភ្នំពេញ ៖ នារីក្លាហានម្នាក់ បានទិញកាំភ្លើងខ្លីមួយដើមមកពីប្រទេសថៃ ចូលទៅបាញ់ចំនួន២គ្រាប់ នៅក្នុងវត្តសារ៉ាវ័ន្ត មុខកុដិលេខ២៣ ដែលមានព្រះសង្ឃព្រះនាម ពិសី គង់នៅ ដើម្បីបន្ធូរកំហឹងគំនុំ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមួយខណ្ឌដូនពេញចេញជួយអន្តរាគមន៍។
ហេតុការណ៍ផ្ទុះអាវុធនេះ បានកើតឡើងនៅវេលាម៉ោង ០៦និង១៥នាទី នៅក្នុងវត្តសារ៉ាវ័ន្ត ត្រង់ចំណុចមុខកុដលេខ ២៣ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
តាមប្រភពព័ត៍មាននៅកន្លែងកើតហេតុនិងតាមការសាកសួរពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុត្រូវបានគេឃើញមាននារីក្លាហានម្នាក់វ័យប្រម៉ាណជា៣០ឆ្នាំបានមកឈរពីមុខកុដិព្រះសង្ឃលេខ៣និងបានធ្វើសកម្មភាពយកកាំភ្លើងខ្លីមួយដើមដែលទើបទិញពីប្រទេសថៃមកបាញ់ចំនួន០២គ្រាប់សង្ស័យមានគំនុំជាមួយនឹងព្រះសង្ឃបង្កជាការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជួយអន្តរាគមន៍បានទាន់ពេលវេលាយកមកសួរនាំនៅអធិការដ្ឋានខណ្ឌដូនពេញ។
តាមប្រភពបានបង្ហើបឲ្យដឹងទៀតថា កន្លងមកប្តីរបស់នារីក្លាហានបានធ្លាប់ទៅរកព្រះសង្ឃឲ្យធ្វើមន្តអាគមដាក់អោយប្រពន្ធស្រឡាញ់កាន់តែខ្លាំង លុះដល់ចាប់ពីរកព្រះសង្ឃឲ្យជួយដាក់មន្តអាគមរួចមក ប្តីរបស់នាងចេះតែឈឺមិនដែលលស់ថ្ងៃសោះ។ ផ្តើមចេញពីករណីនេះ ទើបនារីក្លាហានទៅប្រទេសថៃ ទិញបានកាំភ្លើងមួយដើមម៉ាក ( ឡុកអូទ្រីស មីនី)ក្នុងតម្លៃ១៥០ដុល្លារសហរដ្ឋអាមេរិក មកធ្វើសកម្មភាពបាញ់ចំនួន២គ្រាប់ ដើម្បីបន្ធូរកំហឹងបង្កការភ្ញាក់ផ្អើលដល់ព្រះសង្ឃ និងប្រជាពលរដ្ឋត្រូវសមត្ថកិច្ច ចេញជួយអន្តរាគមន៍ និងឃាត់ខ្លួនយកទៅសាកសួរតែម្តង។
បច្ចុប្បន្ននារីក្លាហានខាងលើ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋានខណ្ឌដូនពេញ កំពុងធ្វើការសាកសួរបន្ថែម តែមិនទាន់ដឹងថា នឹងត្រូវចាត់ការតាមវិធីណានៅឡើយទេ ចំណែកខាងព្រះសង្ឃដែលរងការចោទថា ធ្វើស្នេហ៍នាំឲ្យប្តីស្ត្រីខាងលើធ្លាក់ខ្លួនឈឺ ក៏មិនទាន់ចេញមកបកស្រាយបែបណានៅឡើយដែរ៕