ភ្នំពេញ ៖ ក្លឹបកម្សាន្តដ៏ល្បីមួយកន្លែងយីហោ លុច្សសារី ស្ថិតក្ន្ងងសង្កាត់បឹងរាំង ក្នុងខណ្ឌដូនពេញ ត្រូវនានសមត្ថកិច្ចឆ្មក់ចូលឆែកឆេររកឃើញថ្នាំញៀនមួយចំនួនធំ និងបានឃាត់ខ្លួនអ្នកញៀនថ្នាំ ក្លែមតន្ត្រីភ្លើងពណ៌៤២០នាក់ ដឹកបញ្ជូនយកទៅសាកសួរ និងពិនិត្យស្រាវជ្រាវរកមេខ្លោងពាក់ព័ន្ធនឹងអំពើជួញដូរគ្រឿងញៀន។
លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ បានដឹកនាំកម្លាំងនគរបាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកប្រតិបត្តិការចុះឆែកឆេរក្លឹបកម្សាន្ត «លុច្សសារី»ទាំងកណ្តាលអាធ្រាត្រ រកឃើញថ្នាំញៀនមួយចំនួន និងឃាត់ខ្លួនអ្នកចូលលេងកម្សាន្តក្នុងក្លឹប ៤២០នាក់។
ប្រតិបត្តិការចុះឆែកឆេរក្លឹបកម្សាន្តខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោងប្រមាណ ៤រំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ ក្លឹបកម្សាន្ត «លុច្សសារី» ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៤ កែងផ្លូវ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។
ក្រោយការឆែកឆេរកម្លាំងសមត្ថកិច្ចបានបិទក្លឹបជាបណ្តោះអាសន្ន និងបាននាំអ្នកលេងកម្សាន្តប្រមាណ ៤២០នាក់ទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ បើតាមប្រភពពីសមត្ថកិច្ចអ្នកលេងកម្សាន្តក្នុងក្លឹបនេះភាគច្រេីនវ័យក្មេងៗ ជាជនជាតិចិន វៀតណាម និងខ្មែរ។
ក្លឹបកម្សាន្ត «លុច្សសារី» ជាក្លឹបកម្សាន្តមួយ ក្នុងចំណោមក្លឹបកម្សាន្តជាច្រើននៅក្នុងរាជធានីភ្នំពេញ ដែលត្រូវបានបិទជាបន្តបន្ទាប់ក្រោយពីសមត្ថកិច្ចបានចូលឆែកឆេររកឃើញមានការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចាប់តាំងពីលោក ស ថេត ចូលកាន់តំណែងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០១៨។
សូមបញ្ជាក់ថា ប្រតិបត្តិការចុះឆែកឆេរក្លឹបកម្សាន្ត «លុច្សសារី» បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានករណីបុរសម្នាក់ចូលទៅលេងក្នុងក្លឹបនេះ ហើយមានការផ្ទុះអាវុធបណ្តាលឱ្យនារីម្នាក់រងរបួសភ្លៅ៕ ដោយ ៖ សុផល