បន្ទាយមានជ័យ ៖ ម្ចាស់ដីដែលធ្លាប់មានទំនាស់មួយកន្លែង បង្ហាញពីក្តីបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ក្រោយពីំមាន ករណីហែកសាលក្រមស្ថាពរបស់តុលាការដែលគាត់បានបិទជាសេចក្តីជូនដំណឹងជាសាធារណៈនៅលើទីតាំងដីចំនួនពីរឡូត៍ទំហំ ៨ម៉ែត្រគុណ ២០ម៉ែត្រ ហើយគេបានសរសេរជំនួសវិញដោយពាក្យគំរាម។ ដីទំនាស់ខាងលើ នេះ ស្ថិតនៅភូមិមិត្តភាព សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បុរសចំណាស់វ័យជាង៧០ឆ្នាំម្នាក់ឈ្មោះ ថាច់ អៃ មានទីលំនៅក្នុងភូមិកើតហេតុ បានប្រាប់ក្រុមអ្នកយកព័ត៌មាន ដោយអះអាងថា ដីខាងលើនេះ ជាកម្មសិទ្ធិរបស់លោកតាំងពីដើមរៀងមក លុះមកដល់ឆ្នាំ២០១៧ ដីនេះមានរឿង រ៉ាវ ក្តីក្តាំម្តងដែរ តែត្រូវបានបញ្ចប់ដោយសាលក្រមតុលាការរួចហើយកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ ចេញ ដោយព្រះរាជអាជ្ញារងនៃសាលាដំដូងខេត្តបន្ទាយមានជ័យ លោក សេង គីមឡាក់ ដែលរូបលោកគឺជាអ្នកឈ្នះក្តី។ លោកថា ម៉្យាងទៀតការគ្រប់គ្រងលើដី២ឡូត៍ លេខ 436-437 នេះ លោកមានឯកសារដែលត្រូវបានទទួលស្គាល់ ដោយច្បាប់ជាផ្លូវការតាំងពីថ្នាក់ស្ថាប័នជំនាញ អាជ្ញាធរដែនដីគ្រប់ថ្នាក់ ពិសេសគឺសាលក្រមតុលាការ។
លោក ថាច់ អៃ ដែលអះអាងថា លោកជាម្ចាស់ដីនេះ បានរៀបរាប់ថា នៅឆ្នាំ២០១៥ គាត់បានចាប់ផ្តើមរៀបចំដី ពុះឡូត៍តាមទំហំជាផ្ទះល្វែង ដើម្បីលក់ផ្តាច់ និងលក់បង់រំលស់ ហើ៎យក្នុងខែកក្កដា ឆ្នាំដដែល គ្រួសារមួយមានប្តី ឈ្មោះ ម៉ៅ ផាន់នី អាយុ២៨ឆ្នាំ ប្រពន្ធឈ្មោះ រុន ស្រីរ័ត្ន អាយុ៣២ឆ្នាំ ជាមេការសំណង់ធ្វើការនៅក្នុងទីតាំងរបស់ លោក បានសុំទិញដី២ឡូត៍(២ល្វែង) ប៉ុន្តែមិនបង់រំលស់ទេ ដោយសុំធ្វើពាក្យសុំកាន់កាប់ដីនោះស្របច្បាប់ ដើម្បី បានឯកសារយកទៅធ្វើកម្ចីប្រាក់ពីធនាគារ ហើយយកប្រាក់មកសងលោកវិញជាក្រោយ។ ដោយយល់ឃើញថា ជាមនុស្សស្គាល់គ្នា និងជួយធ្វើសំណង់ឲ្យគាត់ ៗក៏យល់ព្រម លុះមួយរយៈក្រោយមកគ្រួសារនេះ បានមកកុហក់ថា បាត់ពាក្យសុំកាន់កាប់ដីធ្លីនោះហើយ ដូច្នេះគាត់(ប្តីប្រពន្ធ)នេះ បានសុំសងប្រាក់គាត់តាមរយៈធ្វើការបង់រំលស់វិញ ។លោកបន្តថា តាំងពីនោះមក លោកបានទទួលប្រាក់បង់រំលស់តែ១ខែគត់គឺ ៨០០ដុល្លារ ហើយ ក៏បាត់មុខមិន ឃើញមកទៀតឡើយ។
លោក ថាច់ អៃ បន្តទៀតថា នៅដើមខែមករា ឆ្នាំ២០១៦ ស្រាប់តែឃើញឈ្មោះ ម៉ៅ ផាន់នី និងប្រពន្ធ បានចេញ មុខមកដោយសុំផ្ទេរសិទ្ធិកាន់កាប់ដី២ល្វែងខាងលើនោះ ឲ្យមកលោកវិញ ដោយអះអាងថា គ្មានប្រាក់បង់រំលស់ថ្លៃ ដីនោះទៀតទេ។
លោក ថាច់ អៃ បានបញ្ជាក់ថា កន្លងមក ដោយសារលោកជឿជាក់ថា លោកមានសិទ្ធិពេញលេញក្នុងការកាន់កាប់ ដី២ឡូត៍នេះដោយស្របច្បាប់ ទើបលោកមិនទាន់បានអភិវឌ្ឍន៍ភ្លាមៗទេ ស្រាប់តែនៅពេលថ្មីៗនេះ មានជនម្នាក់ ដែលគេប្រាប់លោកថាមានឈ្មោះ ហុង រស្មី រស់នៅក្រុងប៉ោយប៉ែត បានចូលមកហែកសាលក្រមតលាការ ដែល លោកបានបិទជាដំណឹងនៅលើដីធ្លាប់មានជម្លោះនោះ និងថែមទាំងសរសេរគំរាមលោកដែលជាម្ចាស់ដីទៀតថា «… ម្ចាស់ដី២ល្វែងកែង ០១១ ៥៧៧ ៧៧៧ ៧ … អ្នកទិញដីប្រយ័ត្នមានរឿង …»។
ជុំវិញករណីនេះ លោក ហុង រស្មី ជាអាជីវករទិញលក់បញ្ចាំយានយន្ត នៅក្រុងប៉ោយប៉ែត បាន ប្រាប់តាមទូរស័ព្ទ ដោយទទួលស្គាល់ថា សំណេរបិទលើជញ្ជាំងនោះ គឺលោកជាអ្នកសរសេរពិតមែន ប៉ុន្តែលោកថា ការសរសេរបែប នេះ គ្រាន់តែចង់រកអ្នកជាប់ពាក់ព័ន្ធដី២ល្វែងនោះដើម្បីនិយាយគ្នាប៉ុណ្ណោះ មិនមានបំណងអាក្រក់ណាមួយឡើយ និងមិនចង់ឲ្យអ្នកផ្សេងរងគ្រោះក្នុងរឿងដីនោះទេ ព្រោះដីនោះឈ្មោះ ម៉ៅ ផាន់នី និងប្រពន្ធឈ្មោះ រុន ស្រីរ័ត្ន បានលក់ឲ្យប្រពន្ធរបស់លោកឈ្មោះ អ៊ឹង លីនដា ដោយមានកាចុះហត្ថលេខាប្រថាប់ត្រា ឬធ្វើសាក្សីពីអាជ្ញាធរភូមិ សង្កាត់ ក្រុង ទៀតផង។ ឆ្លើយនឹងសំណួរអ្នកសារព័ត៌មានថា លោក ថាច់ អៃ ជាម្ចាស់ដីដោយសារមានសាលក្រម តុលាការ ជាអ្នកឈ្នះក្តី ត្រូវបានលោក លោក ហុង រស្មី ប្រាប់ថា មិនពាក់ពាក់ព័ន្ធនឹងប្រពន្ធលោកទេ គឺឈ្មោះ ថាច់ អៃ បានក្តីក្តាំគ្នាជាមួយឈ្មោះ ម៉ៅ ផាន់នី ប្រពន្ធឈ្មោះ រុន ស្រីរ័ត្ន តែប៉ុណ្ណោះ។
ទោះជាយ៉ាងនេះក្តី លោក ថាច់ អៃ បានបញ្ជាក់ដោយចាត់ទុកថា អ្នកដែលធ្វើទង្វើនេះ ស្ថិតក្នុងបទល្មើសចំនួនពីគឺ ប្រឆាំងនឹងសាលក្រមរបស់តុលាការ និងបទគំរាមប្រើហិង្សា ឬអាចនិយាយថា មានគម្រោងការសម្ងាត់ណាមួយមកលើម្ចាស់ទីតាំង។ លោក ថាច់ អៃ បានអះអាងថា លោកនឹងរៀបចំដាក់ពាក្យបណ្តឹងក្នុងពេលឆាប់ៗនេះ៕ ដោយ ៖ ជួន រិទ្ធី