ក្រសួងការងារចាប់ផ្តើមពង្រឹងការធ្វើអធិការកិច្ចក្នុងការដ្ឋានសំណង់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 June, 2019 ក+ ក-

ភ្នំពេញ ៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េបានបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាព សម្រាប់ការធ្វើអធិការកិច្ច ក្នុងការដ្ឋានសំណង់ ” នៅទីស្តីការក្រសួង ក្រោមវត្តមាន ឯកឧត្តម វេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការ និងជាតំណាង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទិ១៤ ខែមិថុនា ឆ្នាំ២០១៩ ដែលបង្រៀនដោយគ្រូជំនាញមកពីប្រទេសកូរ៉េ។

លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើង ដើម្បីពង្រឹងសមត្ថភាព ដល់មន្រ្តីទទួលបន្ទុកអធិការកិច្ចការងារ និងអ្នកពាក់ព័ន្ធ ក្នុងការធ្វើអធិការកិច្ច នៅការដ្ឋានសំណង់ ដោយមានអ្នកចូលរួមមកពីនាយកដ្ឋានពេទ្យការងារ នាយកដ្ឋានអធិការកិច្ចការងារ និងអង្គការអន្តរជាតិខាងការងារ “គម្រោងលើកកម្ពស់ស្តង់ដាសុខភាព និងសុវត្ថិភាពការងារ ក្នុងវិស័យសំណង់ នៅប្រទេសកម្ពុជា។

លោកបន្តថា ជាការពិតណាស់ ការគ្រប់គ្រងសុវត្ថិភាពការងារ នៅក្នុងវិស័យសំណង់ ជាបញ្ហាប្រឈម រួម របស់ប្រទេសកំពុងអភិវឌ្ឍ ដែលមានការខ្វះខាតក្របខ័ណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្ត បច្ចេកទេស និងធនធានមនុស្ស ។

លោកបន្ថែមថា ផែនការសុវត្ថិភាពនិងសុខភាពការងារ គួរបញ្ចូលលក្ខខណ្ឌតម្រូវផ្នែកច្បាប់ និងស្តង់ដាសុវត្ថិភាពការងារ របាយការណ៍ នៃការវាយតម្លៃ ហានិភ័យការងារ វិធានការណ៍គ្រប់គ្រងសុវត្ថិភាព សុខភាពការងារ និងរបាយការណ៍អធិការកិច្ចផ្ទៃក្រៅ ដើម្បីងាយស្រួលមន្ត្រីអធិការកិច្ចការងារ ធ្វើការត្រួតពិនិត្យ។

លោក ឡេង តុង បញ្ជាក់ថា ដើម្បីគ្រប់គ្រងសុវត្ថិភាព និងសុវត្ថិភាពនៅក្នុងការដ្ឋានសំណង់ ឱ្យមានប្រសិទ្ធភាពត្រូវផ្តោតលើវិធានការណ៍សំខាន់ៗមួយចំនួនដូចជា វិធានការណ៍ការពារកម្លាំងពលកម្ម ឬ កម្មករនិយោជិត ដែលត្រូវបានការពារ។ វិធានការណ៍ការពារសម្ភារ មានន័យថា រាល់ការប្រើប្រាស់សារធាតុគ្រោះថ្នាក់ ផលិតផលដែលមានគ្រោះថ្នាក់ និងសម្ភារផ្សេងទៀត នៅក្នុងការដ្ឋានសំណង់ ចាំបាច់ត្រូវវាយតម្លៃ និងត្រួតពិនិត្យបានច្បាស់សាស់ និងវិធានការណ៍ការពារបរិក្ខាគាំទ្រ ឬ គ្រោងអគារសម្រាប់ការដ្ឋានសំណង់ជាដើម។

លោក អ៊ី ស៊ុយ គីម អគ្គនាយក នៃទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ មានប្រសាសន៍ថា សាស្រ្តាចារ្យជំនាញ ផែ្នកសុវត្ថិភាពការងារសំណង់ នឹងបង្រៀនដល់សិក្ខាកាម ទាក់ទិននឹងការស្វែងយល់អំពីទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ ច្បាប់ និងបទដ្ឋានគតិយុត្ត ស្តីពី សុវត្ថិភាព និងសុខភាពការងារ និងស្ថិតិគ្រោះថ្នាក់ការងារទាក់ទងនឹងវិស័យសំណង់នៅសាធារណរដ្ឋកូរ៉េ។

ការបង្រៀនពីវិធីសាស្រ្តនានា ដើម្បីការការពារគ្រោះថ្នាក់ ក្នុងការដ្ឋានសំណង់ សុវត្ថិភាព នៃការរៀបចំគ្រោងអគារឬបរិក្ខាដែលប្រើប្រាស់ ក្នុងការដ្ឋានសំណង់ ដូចជាការរៀបចំរន្ទា។ ការត្រួតពិនិត្យសុវត្ថិភាពម៉ាស៊ីនស្ទូចវិលធំ និងម៉ាស៊ីនយោង វិធានការណ៍ការពារសុវត្ថិភាពការងារ សម្រាប់សំណង់អគារខ្ពស់ និងការការពារគ្រោះថ្នាក់នៃការធ្លាក់ពីទីខ្ពស់។

វេជ្ជបណ្ឌិត ហ៊ុយ ហានសុង បានណែនាំ ដល់សិក្ខាកាមទាំងអស់ ខិតខំស្តាប់ការពន្យល់របស់អ្នកជំនាញកូរ៉េ ហើយបើមានចំណុចណាមួយមិនទាន់យល់ ត្រូវហ៊ានសួរ ដើម្បីទទួលបាននូវបទពិសោធន៍ និងចំណេះដឹងថ្មីៗ សម្រាប់អនុវត្តលក្ខខណ្ឌការងារនៅក្នុងការដ្ឋា នសំណង់ ឲ្យកាន់តែប្រសើរ ពិសេស អគារ ខ្ពស់ៗ។
លោកវេជ្ជបណ្ឌិតសង្ឃឹមថា សិក្ខាសាលារយៈពេល៥ថ្ងៃនេះ គឺពិតជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ សម្រាប់ប្រើជាទុនយកទៅអនុវត្ត និងផ្សព្វផ្សាយបន្ត ក្នុងសកម្មភាពការពារសុវត្តិភាព និងសុខភាពការងារ ដល់គ្រប់កន្លែងធ្វើការ មិនត្រឹមតែការដ្ឋានសំណង់ និងអគារខ្ពស់នោះទេ៕