ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្នើឱ្យប្រទេសម៉ាឡេស៊ី រួមគ្នាបន្តជួយគាំទ្រយកចិត្តទុកដាក់ និងការពារឱ្យបានសមរម្យ ដល់ពលករកម្ពុជា ដែលកំពុងបម្រើការងារនៅក្នុងប្រទេសម៉ាឡេស៊ី និងបង្កើនការទិញអង្ករពីកម្ពុជាច្រើនថែមទៀត តាមរយៈកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
នេះបើតាមលោកជំទាវ ទួត បញ្ញា អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្រោយជំនួបពិភាក្សាការងារ រវាង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយ ឯកឧត្តម Eldeen Husaini BIN MOHD HASHIM ឯកអគ្គរដ្ឋទូតថ្មីម៉ាឡេស៊ីប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី១១ខែមិថុនា នៅទីស្តីការក្រសួង។
លោកជំទាវបានលើកឡើងទៀតថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ភាគីម៉ាឡេស៊ី បានសហការធ្វើការជាមួយស្ថានទូតកម្ពុជា នៅទីក្រុងកូឡាឡាំពួ និង អង្គការអន្តរជាតិ អង្គការអន្តោប្រវេសន៍ ក្នុងការសហការ ដោះស្រាយទាន់ពេលវេលា ជួយពលករមានបញ្ហា ហើយក៏បានរួម ចំណែកក្នុងការបញ្ជូន ពួកគេត្រឡប់មកប្រទេសវិញតាមផ្លូវច្បាប់ផងដែរ។
ទាក់ទិនវិស័យពាណិជ្ជកម្ម និង វិនិយោគ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការធ្វើពាណិជ្ជកម្ម រវាង ប្រទេសទាំងពីរនៅក្នុងឆ្នាំ២០១៧ មានប្រហែល៤១១លានដុល្លារ ខណៈឆ្នាំ២០១៨ ទំហំពាណិជ្ជបានកើនឡើងទៅដល់ ៤៧៤លានដុល្លារអាមេរិក។
ភាគីទាំងពីក៏បានមើលឃើញនូវភាពចន្លោះប្រហោងជាច្រើនដែលត្រូវពង្រឹង ដើម្បីឱ្យទំហំពាណិជ្ជកម្ម និង ការវិនិយោគមានការកើនឡើងថែមទៀតនៅក្នុងឆ្នាំ២០១៩នេះ។ ក្នុងនោះ លោករដ្ឋមន្ត្រី ក៏បានស្នើសុំឲ្យភាគីទាំងពីរកម្ពុជា ម៉ាឡេស៊ី ជម្រុញការចរចាលើកិច្ចព្រមព្រៀង ស្ដីពី ការជៀសវាងការយកពន្ធត្រួតគ្នា ដើម្បីសម្រួលដល់វិនិយោគិន ក្នុងនាមប្រទេសសមាជិកអាស៊ាន ដែលកិច្ចការនេះ បាននិងកំពុងដំណើរការចរចា ប៉ុន្តែមិនទាន់ចប់សពគ្រប់នៅឡើយ។
ក្រៅពីនេះ កិច្ចពិភាក្សា ក៏បានលើកយកនូវ កិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ ដែលកន្លងមកម៉ាឡេស៊ី ធ្លាប់បានផ្តល់អាហារូបករណ៍ និងផ្តល់ការបណ្តុះបណ្តាលដល់មន្រ្តីកម្ពុជាជាច្រើនលើក ហើយស្នើឱ្យបង្កើន ការផ្តល់អាហាររូបករណ៍សម្រាប់មន្រ្តីកម្ពុជាបានពង្រីកសមត្ថភាព ដើម្បីរួមចំណែកដល់ការបង្កើនធនធានមនុស្សឱ្យបានកាន់តែច្រើនបន្ថែមទៀត។
សម្រាប់វិស័យទេសចរណ៍វិញ ក៏មានកើនឡើងគួរឱ្យកត់សម្គាល់ ដែលក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៩នេះ ចំនួនភ្ញៀវទេសចរណ៍ ម៉ាឡេស៊ី មកកម្ពុជាមានចំនួនជាង៦៥ពាន់នាក់ ដែលចំនួននេះមានការកើនឡើងបើធៀននិងរយៈពេលដូចគ្នាក្នុងឆ្នាំកន្លងទៅ។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូតថ្មី ម៉ាឡេស៊ី ប្រចាំកម្ពុជា បានមានប្រសាសន៍ថា រដ្ឋាភិបាលម៉ាឡេស៊ី បានគិតគូរពីបញ្ហាពលករបរទេស ព្រោះនេះជាបញ្ហាអាទិភាពមួយរបស់រដ្ឋាភិបាល។ លោកក៏បានសន្យាថា នឹងខិតខំផ្ដល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយភាគីកម្ពុជា ក្នុងនោះ វិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ និងវិស័យជាច្រើនទៀត នឹងត្រូវបានពង្រីកបន្ថែម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត។
សូមបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានផ្អាកការជ្រើសរើស និងបញ្ជូនពលករខ្មែរ ទៅធ្វើការនៅម៉ាឡេស៊ី កាលពីចុងឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំយន្តការ និងបទដ្ឋានគតិយុត្តិជាច្រើន សម្រាប់ការពារ គ្រប់គ្រង និងលើកកម្ពស់សិទ្ធិ ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងបំរើការងារនៅម៉ាឡេស៊ី។ហើយប្រទេសម៉ាឡេស៊ីបានផ្លាស់ប្តូរលក្ខខណ្ឌការងារថ្មីជាច្រើន ដែលក្នុងនោះរួមមា៖ នីតិវិធីក្នុងការជ្រើសរើសពលករ និងការតំឡើងប្រាក់ឈ្នួលខ្ពស់ជាងមុន ដើម្បីទាក់ទាញពលករបរទេស ពិសេសពលករកម្ពុជាឲ្យទៅធ្វើការនៅប្រទេសរបស់ខ្លួនឲ្យកាន់តែច្រើនថែមទៀត៕