ភ្នំពេញ ៖ ទុកកូនឲ្យគេងក្នុងរថយន្តដោយ បញ្ឆះ និងមានសោជាប់ក្នុងរថយន្តស្រាប់ ត្រូវចោរលួចចូលបើកយកទៅបាត់ទាំងឡាន ទាំងកូន ហើយម្ដាយស្រែកទ្រហោយំ និងដួលសន្លប់ជាច្រើនដង ផ្អើលសមត្ថកិច្ច ១២ ខណ្ឌ ក្នុងក្រុងភ្នំពេញទាំងយប់ ។ ហេតុការណ៍នេះ បាន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណជា ៨យប់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៩ ស្ថិតនៅផ្លូវ ១៤៣សង្កាត់អូរឡាំពិក ខណ្ឌចំការមន ធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីជាម្ដាយមានឈ្មោះ ពៅ បុប្ផា អាយុ៣៨ឆ្នាំ និងប្ដីឈ្មោះ ណុប ពិសី អាយុ៣៨ឆ្នាំ បានជិះរថយន្ត ហាយលែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខ ភ្នំពេញ 2s -4126 ពីផ្ទះមកលក់ដូរមានបុកល្ហុង ប្រហិត នៅផ្លូវកើតហេតុខាងលើ ដោយឃើញកូនតូចអាយុពីរខែ និងបងវាម្នាក់ទៀត អាយុ ១១ ឆ្នាំ រួចក៏បញ្ឆេះរថយន្តបើកម៉ាស៊ីនត្រជាក់ទុកកូនឲ្យដេកនៅក្នុងនោះ មួយសន្ទុះក្រោយមក មានជនសង្ស័យមានគ្នា ២នាក់ដើរក្រឡឹងរថយន្ត២ ទៅ ៣ជុំ រួចធ្វើសកម្មភាពលួចរថយន្តទៅបាត់ ម្ដាយឪពុកភ័យស្លន់ស្លោ ទ្រហោយំរាយការណ៍ ទៅសមត្ថកិច្ច ផ្អើលអាជ្ញាធរមានសមត្ថកិច្ចទាំង ១២ខណ្ឌក្នុងរាជធានីភ្នំពេញ ដេញស្ទាក់ចាប់បានរថយន្ត ចំណុចក្បាលថ្នល់ រីឯជនសង្ស័យ បានរត់គេចខ្លួនបាត់ស្រមោល ។
ប្រភពបានបន្តទៀតថា ក្រុមជនសង្ស័យ បានធ្វើសកម្មភាពពីកន្លែងមួយទៅកន្លែងមួយ ដោយប្ដូរតៃកុងរថយន្តចំនួន ៤លើកស្មើនឹង៤នាក់ ។ បន្ទាប់ពីសមត្ថកិច្ចដេញស្ទាក់យករថយន្តនិង កូនៗតូចពីរនាក់បងប្អូនបានមកវិញ ក៏បាននាំយករថយន្ត និងជនរងគ្រោះ ទៅអធិការដ្ឋានគរបាលខណ្ឌចំការមន ដើម្បីធ្វើការសាកសួរ និងធ្វើការស្រាវជ្រាវស្វែង រកក្រុមជនសង្ស័យ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ចំណែកក្មេងទាំអពីរនាក់មិនមានបញ្ហាអ្វីនោះឡើយ៕