ភ្នំពេញ៖ ពលករខ្មែរចំនួន ២១៣នាក់ ក្នុងចំណោម២៣០នាក់ ដែលរងគ្រោះ នៅលើកោះអំបន់ (Ambon) ប្រទេសឥណ្ឌូនេស៊ីនោះ នៅម៉ោង ៦ ព្រឹក ថ្ងៃទី១៨ ខែមិថុនានេះ បានត្រឡប់មកប្រទេសកម្ពុជាវិញហើយ តាមជើងយន្តហោះ Boeing 737-900 ER ។ចំណែកពលករ១៧នាក់ ផ្សេងទៀត នឹងដឹកតាមជើងយន្តហោះ AK 534 ពីគូឡាឡាំពួរមកដល់ភ្នំពេញ នៅពេលល្ងាចនេះ។
តាម FPM បានសរសេរថា សេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ប្រាប់ថា ស្ថានទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូណេស៊ី បានជួបធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុន PT. Maribu Industries Group ដែលជាក្រុមហ៊ុនតំណាងភាគីម្ចាស់ទូកនេសាទថៃ ក្នុងការរៀបចំមាតុភូមិនិវត្តន៍របស់ពលករខ្មែរ ចំនួន ២៣០នាក់ ពីកោះ អំបន់ (Ambon)។
FPM បន្តថា តាមការទាមទាររបស់ស្ថានទូត ក្រុមហ៊ុននេះ បានជួលយន្តហោះ ១គ្រឿង ប្រភេទ Boeing 737-900 ER អាចផ្ទុកពលករខ្មែរ ចំនួន ២១៣នាក់ ដែលនឹងចេញ ដំណើរពីកោះ អំបន់ ប្រទេសឥណ្ឌូណេស៊ី មកដល់ភ្នំពេញ នៅថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ ២០១៥ វេលាម៉ោង៦ព្រឹក។
សេចក្តីប្រកាសដដែល លើកឡើងថា ចំណែកពលករខ្មែរ ដែលនៅសល់ចំនួន ១៧នាក់ផ្សេងទៀត ក្រុមហ៊ុនបានរៀបចំឲ្យធ្វើដំណើរតាមជើងយន្តហោះ AK 534 ពីកូឡាឡាំពួរ មកដល់ភ្នំពេញ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៥ វេលាម៉ោង ១៥ និង ៥៥នាទី រសៀល៕