កម្ពុជាចាប់ផ្តើមពង្រឹងយន្តការដើម្បីតាមដានលើកកម្ពស់អភិបាលកិច្ចក្នុងវិស័យអប់រំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 June, 2019 ក+ ក-

ភ្នំពេញ ៖ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៦នេះ បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដោយផ្តោតលើការលើកកម្ពស់អភិបាលកិច្ចល្អ ដែលរួមបញ្ចូលទាំងការចាប់អនុវត្ត ប្រព័ន្ធគ្រប់គ្រង ផ្អែកលើសមិទ្ធកម្ម ការពង្រឹងការអនុវត្ត ការងារវិមជ្ឈការ និងវិសហមជ្ឈការ ការលើកកម្ពស់អភិបាលកិច្ចល្អ និងការបង្កើនភាពជាដៃគូ រវាងវិស័យសាធារណៈ និងឯកជន។

ដើម្បីឱ្យយុទ្ធសាស្រ្តនេះ មានប្រសិទ្ធភាព អគ្គាធិការដ្ឋាន និងនាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ បានរៀបចំ ផ្សព្វផ្សាយ នីតិវិធីនៃការវាយតម្លៃ នាយកសាលាល្អ គ្រូបង្រៀនល្អ គ្រូបង្រៀនល្អភាសាខ្មែរ និងគណិតវិទ្យា ថ្នាក់ទី១ ទី២ និងទី៣ សាលារៀនស្អាត និង អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអបរំ ដើម្បីលើកកម្ពស់ អភិបាលកិច្ច និងការប្រកួតប្រជែង ឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព។

លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានមានប្រសាសន៍ នៅក្នុងពិធីខាងលើនេះថា ក្រសួងមានទិសដៅពង្រឹងយន្តការ តាមដានត្រួតពិនិត្យ និងវាយតម្លៃ ដោយផ្តោតការយកចិត្តទុកដាក់លើ ការកែលម្អយន្តការ ប្រមូលទិន្នន័យសម្រាប់ការត្រួតពិនិត្យ និងវាយតម្លៃឱ្យស្របនឹងគោលដៅអភិវឌ្ឍដោយចីរភាព ក៏ដូចជាការកសាងសមត្ថភាព ដើម្បីអនុវត្តការគ្រប់គ្រង តាមសាលារៀន ជាពិសេស គឺការកំណត់សូចនាករ បំពេញការងារ ដោយសាកល្បង នៅតាមអង្គភាពដែលបានជ្រើសរើស ។

លោក រដ្ឋមន្ត្រី បានបន្តថា ក្រសួងបានអនុវត្តសាកល្បង នូវកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូងនៅតាមសាលាបឋមសិក្សាមួយចំនួន ក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាប មួយរយៈពេលកន្លងមកឃើញថា លទ្ធផលនៃការសិក្សារបស់សិស្សមានភាពល្អប្រសើរជាងមុន។ ដូច្នេះក្រសួងនឹងពិចារណាសម្រេចដាក់ឱ្យដំណើរការជាផ្លូវការនូវការអនុវត្តកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង នៅតាមសាលាបឋមសិក្សាសាធារណៈ។ ហើយក៏នឹងបញ្ជ្រាបវិធីសាស្រ្តបង្រៀនថ្មីនេះ ទៅក្នុងសាលាគរុកោសល្យ និងវិក្រឹតការខេត្ត ដោយចាប់ផ្តើមសាកល្បងនៅក្នុងខេត្តសៀមរាប។

លោក ហង់ជួន ណារ៉ុន បានបញ្ជាក់ថា សម្រាប់ការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ នៅឆ្នាំ២០១៩នេះវិទ្យាល័យចំនួន៥ ត្រូវបានជ្រើសរើស ជាប់ក្នុងបញ្ជីត្រូវបានវាយតម្លៃ ស្របតាម លក្ខណវិនិច្ឆ័យ ដែលបានកំណត់ និងកំពុងស្ថិតក្នុងដំណាក់កាលវាយតម្លៃ។ នៅថ្ងៃអនាគត ក្រសួងមិនត្រឹមតែជ្រើសរើសនាយកសាលារៀនល្អ គ្រូបង្រៀនល្អគ្រូបង្រៀនល្អភាសាខ្មែរ និងគណិតវិទ្យាថ្នាក់ទី១ ទី២ និង អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំប៉ុណ្ណោះទេ ក៏នឹងឈានទៅជ្រើសរើស នាយកសាលាគរុកោសល្យឆ្នើម ប្រធានមន្ទីរឆ្នើម ឬ អាចឈានទៅជ្រើសរើសប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ខណ្ឌឆ្នើមថែមទៀតផង៕