ភ្នំពេញ ៖ មន្ទីរសុខាភិបាលខេត្តតាកែវ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីបំភ្លឺជុំវិញការបង្ហោះនៅលើបណ្ដាញសង្គម Facebook ថាពេទ្យឆ្មប់ពេលសម្រាលកូនគេហើយ ភ្លេចយកបង់រុំរបួស (កុំប្រេស) ចេញពីក្នុងពោះ បណ្ដាលឲ្យជនរងគ្រោះចុកពោះធ្ងន់ធ្ងរ ហើយត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត នារាជធានីភ្នំពេញ។
សូមបញ្ជាក់ថា បើតាមគណនីហ្វេសប៊ុក នួន ឈិន ដែលជាប្តីរបស់ស្ត្រីម្នាក់បានឆ្លងទន្លេនោះ បានសរសេរលើហ្វេសប៊ុក ឲ្យដឹងថា ភរិយាខ្ញុំរួចផុតពីគ្រោះថ្នាក់ហើយ ខ្លាចហើយពេទ្យផ្នែកសម្ភព នៅមន្ទីពេទ្យបង្អែកខេត្តតាកែវ សំអាតមិនស្អាតហើយថែម ទាំងមានបង់រុំរបួសក្នុងស្បូនទៀត។
លោកបានបន្តថា ស្វាគមន៍កូនប្រុស និន វិសុទ្ធារ័ត្ន ទំងន់ ៣,៣គ.ក្រ កើតនៅវេលាម៉ោង ១០ ៖ ៥០ នាទីព្រឹកថ្ងៃសុក្រទី៧ ខែមិថុនា ឆ្នាំ២០១៩។
លោក មុន ឈិន ជាប្ដីស្ត្រីរងគ្រោះ បានឲ្យដឹងថា ប្រពន្ធរបស់ខ្លួនបានមកឆ្លងទន្លេកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ដោយឆ្លងទន្លេធម្មតា ដោយមានពេទ្យឆ្មបស្ត្រីម្នាក់ឈ្មោះ សុធា ជាអ្នកបង្កើត។
លុះបង្កើតហើយបាន ៣ថ្ងៃ ខ្លួននាំប្រពន្ធមកសម្រាកនៅផ្ទះក្នុងស្រុកសំរោង បានមួយថ្ងៃ ស្រាប់តែប្រពន្ធរបស់ខ្លួនចុកពោះយ៉ាងខ្លាំង ហើយក្រុមគ្រូសារបានយកទៅពេទ្យកជនក្នុងឃុំ ត្រូវពេទ្យពិនិត្យឃើញកំប្រេសនៅក្នុងស្បូន ហើយក៏វះយកតែហូឈាមចេញច្រើនពេក ពេលនោះក្រុមគ្រូសារ ក៏បានបញ្ជូនបន្តមកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត។
បុរសជាប្ដីស្ត្រីរងគ្រោះ បានអះអាងថា នៅមន្ទីរពេទ្យកាល់ម៉ែត ពេទ្យបានប្រាប់ថា ប្រពន្ធរបស់ខ្លួនមានមេរោគឆ្លងនៅក្នុងស្បូន ហើយត្រូវបញ្ចូលឈាមអស់ជាច្រើន និងកំពុងសំរាកព្យាបាល ក្នុងសភាពធ្ងន់ធ្ងរ។
បើតាមសេចក្ដីបំភ្លឺរបស់មន្ទីរពេទ្យបង្អែកខេត្ត បានពន្យល់ថា ករណីសម្រាលកូនរបស់ស្ត្រីរូបនេះ ត្រូវបានវះកាត់ទ្វារមាស និងបូមជំនួយ ដូច្នេះដំណើរការសម្រាល់មានការហូរឈាមខុសធម្មតា ដែលត្រូវកុំប្រេស ដើម្បីឃាត់ទប់ឈាម ដោយរក្សាទុកកុំប្រេសនោះ រយៈពេលជាមធ្យមពី ២៤ទៅ ៤៨ម៉ោង។
មន្ទីរពេទ្យបង្អែកខេត្ត បានបកស្រាយទៀតថា ពេលសម្រាលរួច ស្ដ្រីខាងលើ បានចេញពីមន្ទីរពេទ្យ ដោយសន្យាថា នឹងមករកពេទ្យឆ្មបសំអាតតាមក្រោយ តែផ្ទុយទៅវិញ គាត់មិនបានហៅពេទ្យមកសំអាតទេ គាត់សំអាតដោយខ្លួនគាត់ ដោយយកកុំប្រេស២ដុំ៕