ដោយ ៖ ស ស រ
ខេត្តបន្ទាយមានជ័យ ៖ យ៉ាងហោចណាស់មានកុមារពីរនាក់បានស្លាប់ដោយសារជំងឺគ្រុនឈាមក្នុងចំណោមអ្នកជំងឺប្រមាណ៧០០នាក់ដែលកំពុងសម្រាកពញយាបាលនៅតាមបណ្តា7ព្យាបាលនានា ក្នុងខេត្តបន្ទាយមានជ័យ ក្នុងអំឡុងរដូវភ្លៀងធ្លាក់ជោកជាំបង្កឱ្យកើតមូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនចាញ់ និងគ្រុនឈាមនេះ។
លោកវេជ្ជបណ្ឌិត កែវ សុភ័ក្ត្រា ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ជំងឺគ្រុនឈាម បានចាប់ផ្ដើមផ្ទុះឡើងចាប់ពីចុងខែឧសភា រហូតមកទល់ពេលនេះដែលវដ្ដនៃជំងឺនេះបានផ្ទុះ នៅរវាង៤-៥ឆ្នាំម្តង នៃរដូវគ្រុនឈាម និងកត្តាធ្វេសប្រហែសរបស់អាណាព្យាបាលកុមារ។
លោក បានឱ្យដឹងទៀតថា ជំងឺគ្រុនឈាម បានកើតមានច្រើនជាងគេក្នុងក្រុងសិរីសោភ័ណ ក្រុង ប៉ោយប៉ែត ស្រុកព្រះនេត្រព្រះ និងស្រុកម៉ាឡៃ។ អ្នកជំងឺភាគច្រើន ត្រូវបានអាណាព្យាបាលបញ្ជូនទៅ សម្រាកព្យាបាលនៅឯមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផា) និងមន្ទីរពេទ្យកុមារអង្គរ នាខេត្តសៀមរាប និង ចំនួនចុងក្រោយ នៅសម្រាកព្យាបាលក្នុងមន្ទីរពេទ្យខេត្ត។
លោកវេជ្ជបណ្ឌិត បានឱ្យដឹងទៀតថា មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ ស្ដីពីការស្លាប់ របស់កុមារ ដោយសារជំងឺគ្រុនឈាមបន្ថែមទៀតទេ។
លោកវេជ្ជបណ្ឌិត កែវ សុភ័ក្ត្រា ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា នៅ មុនពេលផ្ទុះជំងឺគ្រុនឈាមនេះ មន្ត្រីសុខាភិបាលខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មន្ទីរពេទ្យ បង្អែក និងមណ្ឌលសុខភាព បានផ្សព្វផ្សាយពីវិធានការបង្ការការពារឆ្លងជំងឺនៅតាមគោលដៅនានា បាន ចុះបាញ់ថ្នាំ បានដាក់អាប៊ែត ក្នុងពាងទឹកអស់ចំនួន៤,៥តោន នៅគ្រប់សង្កាត់នៃក្រុងសិរីសោភ័ណ និង ក្រុងប៉ោយប៉ែត និងក្នុងឃុំខ្លះនៃស្រុកម៉ាឡៃ និងព្រះនេត្រព្រះ។
ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ បានឱ្យដឹងថា មកទល់ពេលនេះ អ្នកជំងឺមកទទួលពិនិត្យព្យាបាល នៅមន្ទីរពេទ្យនេះ មានចំនួនច្រើននៅឡើយ ហេតុនេះមន្ត្រីសុខាភិបាល និងគ្រូពេទ្យកំពុងបន្តខិតខំយកចិត្តទុកដាក់បន្ថែមទៀតលើការពិនិត្យ និងព្យាបាល។
យោងតាមការឱ្យដឹងពីក្រសួងសុខាភិបាល ឆ្នាំ២០១៩នេះ ករណីជំងឺគ្រុនឈាមបានផ្ទុះខ្លាំងជាងគេ នៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម ត្បូងឃ្មុំ បន្ទាយមានជ័យ សៀមរាប និងក្រចេះ ជាដើម៕