អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងធ្វើសន្និសីទកាសែតប្រចាំសប្តាហ៏ជាទៀងទាត់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 June, 2019 ក+ ក-

​ដោយ ៖ សហការី

ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលទើបត្រូវបានរាជរដ្ឋាភិបាលបង្កើតកាលពីសប្តាហ៏មុននេះ បានបើកកិច្ចប្រជុំជាលើកដំបូង ដើម្បីពិភាក្សាយន្តការនានាក្នុងការផ្សារភ្ជាប់រវាងអ្នកនាំពាក្យ ជាមួយនឹងអ្នកកាសែត។ បើតាម លោក ផៃ ស៊ីផាន អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កំណត់ធ្វើសន្និសីទកាសែត នៅរៀងរាល់មួយសប្តាហ៏ម្តងជាទៀងទាត់ ដើម្បីផ្តល់ព័ត៌មានទៅលើប្រធានដែលក្តៅបំផុត សម្រាប់សង្គម និងអ្នកសារព័ត៌មាន។

 

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការនាំពាក្យរាជរដ្ឋាភិបាល និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានបញ្ជាក់ប្រាប់អ្នក កាសែតថា អង្គភាពសម្រេចជាគោលការណ៏ថា នឹងរៀបចំសន្និសីទកាសែតជា ទៀងទាត់រៀងរាល់មួយសប្តាហ៏ម្តង និងរៀបចំជំនួបអ្នកនាំពាក្យ និងអ្នកកា សែតឲ្យបាន១ខែម្តង ដើម្បីផ្តល់ព័ត៌មានដល់អ្នកកាសែត និងផ្តល់ឱកាសឲ្យអ្នកកាសែតបានសួរសំណួរទៅលើប្រធានបទនានានៅតាមក្រសួង ស្ថាប័ននីមួយ។

ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងសម័យប្រជុំលើកដំបូងរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២០ មិថុនា នៅទីស្តីការគណៈរដ្ឋមន្ត្រី។ បើតាមប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងផ្តើមអនុវត្តយន្តការមួយ នៅខែកក្កដាខាងមុខ ដោយប្រមូលមតិ និងការចង់បានរបស់អ្នកកាសែត ទៅលើប្រធានបទជាក់លាក់ អ្នកកាសែតចង់ដឹង និងផ្តល់ព័ត៌មានទៅសាធារណៈជន។

លោក ផៃ ស៊ីផាន បានបញ្ជាក់ដែរថា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនេះ គឺជាយន្តការមួយសម្រាប់ពង្រឹងសមត្ថភាពឆ្លើយឆ្លងរបស់អ្នកនាំពាក្យ ជាមួយ នឹងអ្នកសារព័ត៌មាន និងធ្វើយ៉ាងណាឲ្យព័ត៌មានដែលផ្តល់ដោយក្រសួងនីមួ យទៅដល់អ្នកសារព័ត៌មាន និងបន្តផ្តល់ជូនទៅដល់ប្រជាពលរដ្ឋទូទៅ។ អង្គ ភាពមួយនេះ ក៏ទទួលផងដែរ នូវលិខិតរបស់អ្នកកាសែត ចំពោះក្រសួង ស្ថាប័ននានាដែលមិនបានផ្តល់ព័ត៌មាន មិនឆ្លើយឆ្លងជាមួយអ្នកព័ត៌មានទៅលើប្រធានបទអ្វីមួយ រឺលំបាកក្នុងការទាក់ទងសុំព័ត៌មានពីក្រសួង ស្ថាប័នទាំងនោះ។

គួរបញ្ជាក់ថាកាលពីថ្ងៃទី១០ ខែមិថុនាកន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចតែងតាំងសមាសភាពអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល ចំនួន៣០រូប ដែលជាមន្ត្រីនៅគ្រប់ក្រសួងទាំងអស់នៅកម្ពុជា។ នៅក្នុងសេចក្តីសម្រេចបានតែងតាំង លោក ផៃ ស៊ីផាន ជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ឯក ថា ជាអនុប្រធានប្រចាំការ អមដោយអនុប្រធានបីរូបមាន លោកនាយឧត្តមសេនីយ៏ ខៀវ សុភ័គ ដែលជាអ្នកនាំពាក្យ ក្រសួងមហាផ្ទៃ លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ និង លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមនិងសមាជិកជាអ្នកនាំពាក្យគ្រប់ក្រសួងចំនួន២៥រូប ផ្សេងទៀតជាសមាជិក៕