ភ្នំពេញ ៖ នាពីព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា បណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋា ភិបាលនៃប្រទេសអាស៊ានដទៃទៀត បានយាង និងអញ្ជើញទៅដល់រាជ ធានីបាងកក ព្រះរាជាណាចក្រថៃ ហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើក ទី៣៤ និងកិច្ច ប្រជុំពាក់ព័ន្ធ ដែលគ្រោង ធ្វើឡើងនៅល្ងាចថ្ងៃទី២២ និងព្រឹកថ្ងៃទី ២៣ មិថុនា ឆ្នាំ២០១៩ នេះ។
វត្តមាននៃបណ្តាមេដឹកនាំអាស៊ាន អញ្ជើញទៅកាន់រាជធានីបាងកកនៅពេលនេះ គឺ ឆ្លើយតបតាម ការអញ្ជើញពីឯកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ និងក្នុង នាមជាប្រធានអាស៊ាន ឆ្នាំ២០១៩។
សូមជម្រាបថា ទន្ទឹមគ្នានៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏នឹងអញ្ជើញ ចូលរួមកិច្ចប្រជុំ និងកម្មវិធីមួយចំនួន ដូចខាងក្រោម ៖
* កិច្ចប្រជុំកំពូលរវាងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ជាមួយតំណាងអន្តរសភាអាស៊ាន
* កិច្ចប្រជុំកំពូលរវាងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ជាមួយក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន និង កិច្ចប្រជុំកំពូលរវាងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ជាមួយតំណាងយុវជនអាស៊ាន។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ានលើក ទី៣៤ ធ្វើឡើងក្រោមមូលបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព»។ កិច្ចប្រជុំនេះនឹងផ្តោតការ យក ចិត្តទុកដាក់ ដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងពង្រឹងកុងសង់ស៊ុស ក្នុងចំណោមសមា ជិក អាស៊ាន ដើម្បីដោះស្រាយការប្រឈមសកលថ្មីៗ។
សេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ដោយរំពឹងទុកថា លទ្ធផលនៃកិច្ចប្រជុំកំពូល អាស៊ាន លើកទី៣៤ នឹងឆ្លុះបញ្ចាំងពីកិច្ចប្រឹងប្រែង របស់អាស៊ានក្នុងការជំរុញ ដំណើរការកសាងសហគមន៍ និងលើកកម្ពស់ភាពជាដៃគូ របស់អាស៊ានសម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព នៅក្នុងចំណោម បញ្ហាផ្សេងៗទៀត ដើម្បីសម្រេចឲ្យបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាព យូរអង្វែង ក្នុងតំបន់ និងដើម្បីជាផលប្រយោជន៍ដល់ប្រជាជនអាស៊ានទាំងមូល៕